ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកសាលាក្រៅ ចាប់ប្រើធម៌ក្តៅ ចុះរៀបចំ និងរុះរើសំយ៉ាបផ្ទះ ដែលពលរដ្ឋរំលោភយកដីចំណីផ្លូវ បន្ទាប់ពីផ្សព្វផ្សាយ ការជូនដំណឹងរយៈពេល៤ខែ

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ទិត ធី អភិបាលរងស្រុកសាលាក្រៅ តំណាងឲ្យលោក សំ សារ៉េត ដែលជាអភិបាលស្រុក បានដឹកនាំកម្លាំងចម្រុះ រួមនឹងសមត្ថកិច្ច ចុះរៀបចំ និងរុះរើសំយ៉ាប ដែលប្រជាពលរដ្ឋរំលោភដីចំណីផ្លូវសាធារណៈ ចាប់ពីផ្លូវបំបែកចំណុចសំបុកចាបចាស់ រហូតដល់ចំណុចដីថ្មី ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក ទិត ធី អភិបាលរងស្រុកសាលាក្រៅ តំណាងឲ្យលោក សំ សារ៉េត ដែលជាអភិបាលស្រុកសាលាក្រៅ បានឲ្យដឹងថា៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ ព្រមទាំងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកសាលាក្រៅ រួចមក នៅថ្ងៃនេះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ រួមទាំងមន្ត្រីសុរិយោដីខេត្ត,មន្ត្រីភូមិបាលស្រុកសាលាក្រៅ ,មេភូមិ និងប្រជាការពារភូមិ ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរុះរើសំយ៉ាបផ្ទះ ដែលរំលោភលើដីចំណីផ្លូវសាធារណៈ ស្ថិតនៅភូមិ/ឃុំខាងលើ ក្នុងគោលបំណង ដើម្បីឱ្យមានសោភ័ណ្ឌភាពល្អ និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យផ្លូវមួយនេះ មានភាពល្អប្រសើរ និងបានឱ្យបងប្អូនប្រជាពលរដ្ឋធើ្វដំណើរឆ្លងកាត់បានងាយស្រួល ។

លោកអភិបាលរងស្រុក បានបន្តថា៖ ក្នុងនាមលោកតំណាងឲ្យលោកអភិបាលស្រុក មិនមែនដាក់បន្ទុក លើប្រជាពលរដ្ឋនោះទេ ប៉ុន្តែរដ្ឋបាលស្រុក បានទុកឱកាស ឲ្យបងប្អូនប្រជាពលរដ្ឋរយៈពេលជិត៤ខែមកហើយ ដោយការជូនដំណឹងរបស់រដ្ឋបាលស្រុកចុងក្រោយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហើយបើសិនជាបងប្អូន មិនចូលរួមតាមសំណើ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកនោះទេ លោកនឹងមានវិធានការថ្មី សម្រាប់ធ្វើការងារខាងលើនេះផងដែរ ។

បើតាមលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឲ្យដឹងតាមទូរស័ព្ទថា៖ ករណីខាងលើគឺរដ្ឋបាលស្រុក បានធ្វើលិខិតជូនដំណឹងជាច្រើនដងមកហើយ រហូតចុះធ្វើការផ្សព្វផ្សាយដល់ផ្ទះបងប្អូនប្រជាពលរដ្ឋទៀតផង ប៉ុន្តែករណីនេះនៅតែដដែល ដោយបងប្អូនប្រជាពលរដ្ឋ មិនគោរពតាមការណែនាំ របស់រដ្ឋបាលស្រុកនោះទេ

លោក បានបន្តថា៖ ការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវនេះគឺរដ្ឋបាលស្រុក ក៍ដូចរដ្ឋបាល ត្រូវការកែលម្អសោភ័ណភាពស្រុក ជាពិសេសគឺការរៀបចំអភិវឌ្ឍន៍ស្រុក ឲ្យរីកចំរើន ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ទាំង ទាំងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ស្រុក ទៅកាន់ប្រទេសថៃផង ។

លោកបានបញ្ជាក់ថា៖ គោលបំណង របស់រដ្ឋបាលស្រុក គឺចង់ឱ្យបងប្អូន មានភាពងាយស្រួល ក្នុងការធ្វើដំណើរ និង បញ្ចៀសនូវ ហានិភ័យផ្សេងៗ ដែលបានកើតឡើងនាពេលកន្លងមក ហើយប្រការនេះស្នើសុំបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ត្រូវចូលរួមទាំងអស់គ្នាផងដែរ ។

សូមបញ្ជាក់ថា៖ ក្នុងការរៀបចំសណ្តាប់ធ្នាប់ខាងលើនេះ ដោយមានសេចក្តីជូនដំណឹងចំនួន៤ លេខជាប់ៗគ្នា មានរយៈពេល៤ខែ មកហើយដែរ លុះដល់ ថ្ងៃខែឆ្នាំ ខាងលើនេះ លោកអភិបាលរងស្រុក ចុះមកអនុវត្ត រៀបចំសណ្តប់ធ្នាប់ និង កាត់សំយ៉ាប ដែលសាងសង់ រំលោភចំណីផ្លូវសាធារណ: ស្ថិតនៅភូមិ/ឃុំខាងលើតែម្តង ៕ ស សារ៉េត


ចែករំលែក៖