ខេត្តកំពង់ចាម ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចដើមម្កាក់ខាងលិចផ្ទះរបស់ឈ្មោះ យ៉ន ផាន ស្ថិតក្នុងភូមិអន្លង់ដូង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃសុក្រ ១០ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ។
មន្រ្តីនគរបាលស្រុកកោះសូទិនបានឲ្យដឹងថា សពឈ្មោះ យ៉ន ផាន ភេទប្រុស អាយុ ៥០ ឆ្នាំ ដែលជាមុខសញ្ញាទើបដោះលែងពីពន្ធនាគារ និងជាមនុស្សមានជំងឺសរសៃប្រសាទ ជនជាតិខ្មែរ រស់នៅភូមិអន្លង់ដូង ឃុំពង្រស្រុកកោះសូទិន ខេត្តកំពង់ចាម។ បុរស នេះ បានយកខ្សែនីឡុងពណ៌ស លាយក្រហម ប្រវែង២,៥ ម៉ែត្របត់ជាពីរ ចងកនិងដើមម្កាក់ស្លាប់ដោយគ្មានសាច់ញាតិណាដឹងឡើយ ។
ក្រោយមានហេតុការណ៍នេះកើតឡើងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្របាន ចុះដល់កន្លែងកើតហេតុដោយបានបង្កើតគណៈកម្មាធិការ ត្រួតពិនិត្យសាកសព មានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំផងដែរ។
ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសពយ៉ាងយូរ សមត្ថកិច្ចជំនាញ ពុំរកឃើញមានស្លាកស្នាមអ្វី ពាក់ពន្ធ័ឃាតកម្មនោះទេ ហើយបានសន្និដ្ឋានថា បុរសឈ្មោះ យ៉ន ផាន ស្លាប់នៅចន្លោះម៉ោង១២ទៅ៣រំលងអធ្រាត្រ ដោយការធ្វើអត្តឃាតចងកដោយជំងឺសរសៃប្រសាទ រួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សហការី