ភ្នំពេញ៖ កាលពីល្ងាចថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ មីនា ឆ្នាំ២០១៩ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ជនជាតិចិន២នាក់ប្ដីប្រពន្ធ ដែលជានាយកធនាគារមួយនៅស្រុកចិន ពីបទឆបោកប្រាក់ពីអតិថិជនជិត៥លានដុល្លារអាមេរិក ហើយគេចខ្លួនមករស់នៅប្រទេសកម្ពុជា ។
យោងតាមប្រភពពីមន្រ្តីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាប់ចោទទាំង២នាក់នេះទី១ឈ្មោះ CHEN DAOMIN ភេទប្រុស អាយុ៥៧ឆ្នាំ(ប្តី) និងម្នាក់ទៀតឈ្មោះ LIN XUEFANG អាយុ៥០ឆ្នាំ (ប្រពន្ធ) ។
ប្រភពដដែរបន្តទៀតថា ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបានជាតំណាងអយ្យការសាលាដំបូង សម្រេចធ្វើការចោទប្រកាន់ជនជាតិចិន២នាក់ប្តីប្រពន្ធនោះ បន្ទាប់ពីជនជាប់ចោទ មានមុខរបរជានាយកធនាគារមួយនៅប្រទេសចិន ហើយត្រូវបានអតិថិជន ប្តឹងមកប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៥លានដុល្លារអាមេរិក ហើយបានគេចខ្លួនមករស់នៅស្រុកខ្មែរ ។ បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទឆបោក ។
សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យរងនូវបណ្តឹងឆបោក លើទឹកប្រាក់ជិត៥លានដុល្លារអាមេរិក លុយនោះថា បានយកទៅដាក់ហ៊ុនទិញខុនដូរមួយកន្លែងនៅរាជធានីភ្នំពេញ ដែលមានតម្លៃដល់ទៅ៣០លានដុល្លារអាមេរិកឯណោះ ។
ដោយឡែកនៅចំពោះមុខសមត្ថកិច្ចក៏ដូចនៅដំណាក់កាលតំណាងអយ្យការ ជនសង្ស័យ២នាក់ប្តីប្រពន្ធ បានបដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធដូចការចោទប្រកាន់នោះទេ ហើយពួកគេ២នាក់ប្តីប្រពន្ធ បាននិងទទួចសុំឲ្យមានការដោះលែងឲ្យមានសេរីភាពវិញ ។
ទោះជាយ៉ាងណាក្តីសំណុំរឿងនេះ បានចាត់បញ្ជូនទៅដល់ដៃលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ កំពុងធ្វើការសាកសួរ ហើយទំនងជាគេចមិនផុតពីការឃុំខ្លួននោះឡើយ ព្រោះពួកគេទាំង២នាក់ បដិសេធមិនព្រមសងប្រាក់ទៅឲ្យជនរងគ្រោះវិញ ៕ស តារា