ខេត្តឧត្តរមានជ័យ៖ មានករណីចងកធ្វើអត្តឃាតមួយបានកើតឡើងកាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហែម ជន់ ភេទ ប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិកើតហេតុខាងលើ បានយកខ្សែអង្រឹង ពណ៌ខៀវ មានប្រវែង ២ម៉ែត្រ ចងភ្ជាប់ជាមួយធ្នឹមផ្ទះកម្ពស់ ២ម៉ែត្រ រួចចងកខ្លួនឯងទំលាក់ទម្ងន់ខ្លួនចុះមកក្រោម បណ្តាលឲ្យស្លាប់ស្ថិតក្នុងផ្ទះរបស់ជនរងគ្រោះខ្លួនឯង ។
មូលហេតុ ៖ ជនរងគ្រោះមានជំងឺសរសៃប្រសាទ (ផឹកស្រាសពេក) ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងពីលោកនាយប៉ុស្តិ៍ឃុំអូរស្វាយ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ និងគ្រូពេទ្យឈ្មោះ ភោគ វិន ឋានៈ ជាមន្ត្រីសុខាភិបាលនៅមណ្ឌលសុខភាពឃុំផ្អាវ បានចុះពិនិត្យកន្លែងកើតហេតុ និងសព ។
ការប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ៖ យោងតាមការបំភ្លឺរបស់ ឈ្មោះ វិន កុប ត្រូវជាប្រពន្ធជនរងគ្រោះនិងយោងតាមការបំភ្លឺរបស់ឈ្មោះ សួន ហែម ភេទប្រុស ត្រូវជាឪពុកជនរងគ្រោះ យោងតាមការបំភ្លឺរបស់ឈ្មោះ ប្រាក់ ធី ភេទ ប្រុស ត្រូវជាអ្នកជិតខាងបានបំភ្លឺថា ឈ្មោះ ហែម ជន់ ក្នុងអំឡុង ខែសីហា ឆ្នាំ២០១៨ ធ្លាប់លេបថ្នាំប៉ងធ្វើអត្តឃាតម្តង និងចងកសម្លាប់ខ្លួនម្តង តែត្រូវបងប្អូនសាច់ញាតិជួយសង្គ្រោះទាន់ ។
សូមបញ្ជាក់ថា៖ ជនរងគ្រោះពុំដែលមានជម្លោះជាមួយអ្នកជិតខាងឡើយ ។
ការពិនិត្យកន្លែងកើតហេតុ និងសាកសពនៅកន្លែងកើតហេតុគ្មានឃើញស្លាកស្នាម ឬដានអ្វីគួរឲ្យកត់សម្គាល់ឡើយ ចំណែកនៅលើខ្លួនប្រាណសាកសព ក៏គ្មានស្នាមផ្សេងក្រៅពីស្នាមខ្សែអង្រឹងចងកឡើយ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ការសន្និដ្ឋាន ក្រោយពីធ្វើការពិនិត្យកោសល្យវិច័យ សាកសព ជនរងគ្រោះស្លាប់នៅចន្លោះម៉ោង ២០ ទៅម៉ោង ២១:០០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតពិតប្រាកដមែន ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត