ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ ទំនងម្ដាយបង្ខំចិត្តឲ្យរៀបការ បានរត់គេចទៅស្នាក់នៅវិទ្យុABC ធ្វើឲ្យម្ដាយ និងបងប្អូនភ័យខ្លាចបាត់ខ្លួន ព្រមទាំងពឹងពាក់ឲ្យអ្នកសារព័ត៌មានជាច្រើននាក់ជួយផ្សព្វផ្សាយស្វែងរក កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែង ខាងក្រោយរបងកាណាឌីយ៉ា ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវតីគេចខ្លួនខាងលើ មានឈ្មោះ អ៊ាង ស្រីមុំ អាយុ១៧ឆ្នាំ មុខរបរ លក់គ្រឿងក្រអូបនៅផ្សារបឹងត្របែកផ្លាហ្សា ខណ្ឌចំការមន ដោយស្នាក់នៅកន្លែងធ្វើការ ។ រីឯស្ត្រីជាម្ដាយ មានឈ្មោះ ប្រាជ្ញ សារ៉ាន់ ភេទស្រី អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិតាពេចខាងជើង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
បើតាមសម្ដីស្ត្រីជាម្ដាយយុវតីខាងលើ បានប្រាប់ឲ្យដឹងថា យុវតីរូបនេះនៅសល់តែ១១ថ្ងៃទៀតទេ គឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ និងត្រូវរៀបការ តែមិនដឹងមានបញ្ហាអ្វី ស្រាប់តែបាត់ខ្លួន១ថ្ងៃ មិនដឹងដំណឹងសោះ ធ្វើឲ្យរូបគាត់ជាម្ដាយមានការព្រួយបារម្ភជាខ្លាំង និងបានទាក់ទងបងប្អូនក្រុមអ្នកសារព័ត៌មានជួយផ្សព្វផ្សាយស្វែងរកនៅវេលាម៉ោង៩យប់ថ្ងៃកើតហេតុខាងលើ ។
លុះក្រោយមក រំលងបានប្រហែលជាង២ម៉ោង ស្រាប់តែលឺដំណឹងពីវិទ្យុ ABC ថា យុវតីខាងលើបានគេចខ្លួនពីម្ដាយ និងសុំទៅស្នាក់នៅបណ្ដោះអាសន្ន ទើបធ្វើឲ្យស្ត្រីជាម្ដាយធ្វើដំណើរស្កាត់ទៅជួបកូនស្រី ។ តែមិនដឹងថា យុវតីខាងលើមានបញ្ហាអ្វីឲ្យពិតប្រាកដនោះទេ បែរជាមិនជួបម្ដាយរបស់គេ ថែមទាំងផ្ដាំផ្ញើឲ្យម្ដាយ និងបងប្អូនត្រឡប់ទៅផ្ទះវិញ ។
ចុងក្រោយ យុវតីខាងលើបានស្នាក់នៅក្នុងស្ថានីយវិទ្យុABCឯម្ដាយនិងបងប្អូនបានត្រឹមត្រឡប់ទៅផ្ទះវិញ រង់ចាំដោយស្រាយបញ្ហានេះនៅពេលក្រោយ ៕ ភារ៉ា ដង្កោ