ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៣នាក់ របួសធ្ងន់២នាក់ ខណៈរថយន្តដឹកដែកបុកជាមួយកាមរីឆ្លាម

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានស្លាប់ នៅក្នុងគំនរដែក និងក្នុងទឹកប្រឡាយ និង២នាក់ទៀតរងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ ដែលបានកើតឡើងរវាងរថយន្តធុនធំ ដឹកដែក១គ្រឿង បានបើកបុកជាមួយរថយន្តម៉ាកកាមរីឆ្លាម១គ្រឿងទៀត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចកន្លែងលក់សាច់ក្រកអាំងកំបូល ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកស្លាប់ទាំង៣នាក់ និងអ្នករងរបួស២នាក់ មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកដែក ពណ៌ខៀវពាក់ស្លាកលេខ ព្រះសីហនុ 4A-1444 បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្តកាមរីឆ្លាមរី ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2H-2239 ជិះគ្នា៣នាក់ ស្លាប់២នាក់ របួសធ្ងន់១នាក់ បើកបរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ សង្ស័យរថយន្តកាមរីឆ្លាមជែងរថយន្តផ្សេង ជ្រុលទៅបុកជាមួយរថយន្តដឹកដែកបណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយទាំង២គ្រឿង ហើយរថយន្តដឹកដែកបានបុកដើមអំពិលទឹក១ដើមរលើងគល់ដួលរលំរាបដល់ដី រីឯកាប៊ីនរថយន្តនោះ ត្រូវបានដែកបុកផ្ទប់ខូចខាតក្លាយជាដែកអេតចាយ ហើយអ្នកបើកបរស្លាប់ក្នុងគនរដែក ។ ចំណែកខាងរថយន្តកាមរីឆ្លាមខូចខាតទាំងស្រុងដូចគ្នា និងមានមនុស្សស្លាប់២នាក់ ដោយម្នាក់ស្លាប់ផុតពីគំនរដែក និងម្នាក់ទៀតស្លាប់ក្រោមគំនរដែកកប់ក្នុងទឹក ដោយឡែកអ្នកបកររងរបួសធ្ងន់។

​សូមបញ្ជាក់ផងដែរថា​ ទីតាំងខាងលេីមានស្ថានភាពផ្លូវងងឹងទើបងាយនឹងបង្កគ្រោះថ្នាក់បែបនេះ។

ក្រោយពេលកើតហេតុ នគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿងចេញ ពីក្នុងទឹកនិងទាញយកសាកសពចេញប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖