ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច ពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចុះត្រួតពិនិត្យបង្គោលព្រំដែន និងសួរសុខទុក្ខ កងទ័ព២៥០នាក់ ឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តរតនគិរី និងវៀតណាម

ចែករំលែក៖

ខេត្តរតនគិរី៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃពុធ ១ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចុះត្រួតពិនិត្យបង្គោលព្រំដែនលេខ២៩,លេខ៣០(ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ) និងសួរសុខទុក្ខកម្លាំងការពារព្រំដែនចំនួន២៥០ នាក់ស្ថិតនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនលេខ១០២ ស្ថិតក្នុងភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

នាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលសម្ដេចតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ គំរូវីរភាព របស់កងកម្លាំងទាំងអស់ជាពិសេសកងកំលាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញ កាតព្វកិច្ច បំរើជាតិមាតុភូមិប្រកបដោយទំនួល ខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែន។

សម្ដេចពិជ័យសេនា ក៏បាន សំណូមពរដល់សមត្ថកិច្ចដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយអាជ្ញាធពាក់ព័ន្ធរបស់ប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសយើងទាំង២ ក្លាយជាព្រំដែនសន្តិភាព មានការប្លាស់ប្ដូពាណិជ្ជកម្មគ្នាទៅវិញទៅមកធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនប្រកបរបរទទួលទានកាន់តែមានជីវភាពល្អប្រសើរទ្វេឡើង៕ ជីវន្ត័


ចែករំលែក៖