ប្រជាពលរដ្ឋរស់នៅក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានល្បែងស៊ីសងច្រើនប្រភេទកើតឡើងយ៉ាងពេញបន្ទុក ហើយមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ លោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ក៏ដូចជាអភិបាលស្រុកអង្គរបុរី បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងស៊ីសងខុសច្បាប់រាលដាលកាន់តែខ្លាំងឡើងៗក្នុងទឹកដីឃុំអង្គរបុរី ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមទៀតផង។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ចាត់វិធានការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងសន្តិសុខសង្គម។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិអង្គរបុរី បានឲ្យដឹងទៀតថា អ្នកបើកល្បែងស៊ីសងខុសច្បាប់ដែលមានខ្នងបង្អែករឹងមាំកំពុងបើកល្បែងច្រើនប្រភេទដូចជា បញ្ជល់មាន់ បៀអាប៉ោង យូគី និងកន្ទុយលេខជាដើម គឺមានសភាពខ្លាំងក្លាមិនចាញ់កាស៊ីណូឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា លោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ទំនងទទួលបានផលប្រយោជន៍ពីអ្នកបើកល្បែងស៊ីសងខុសច្បាប់ទើបសម្ងំស្ងៀមបណ្ដោយឲ្យល្បែងស៊ីសងរាលដាលកាន់តែខ្លាំងក្លា ហើយមិនខ្វល់ពីបញ្ហាអសន្តិសុខសង្គមនោះទេ។ ប្រជាពលរដ្ឋបានលើកឡើងថា ចាប់តាំងពីមានល្បែងស៊ីសងច្រើនប្រភេទក្នុងភូមិអង្គរបុរី ស្រុកអង្គរបុរី គឺនៅក្នុងតំបន់នេះមានបទល្មើសផ្សេងៗកើតឡើងគួរឲ្យព្រួយបារម្ភ ជាពិសេសអំពើចោរកម្មនិងអំពើហិង្សាក្នុងគ្រួសារ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ ថ្នាក់ឃុំ បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ភី ឆុនអធិការនគរបាលស្រុកអង្គរបុរី ទេនោះគឺគ្មាននរណាអាចបើកល្បែងស៊ីសងច្រើនប្រភេទក្នុងភូមិអង្គរបុរី ស្រុកអង្គរបុរី ដូចសព្វថ្ងៃនេះឡើយ។ ទាល់តែមានការឃុបឃិតបើកដៃពីសំណាក់លោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ហើយមានការឃុបឃិតពីសំណាក់មន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរី បានអំពាវនាវយ៉ាងទទូចឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចាត់វិធានការទប់ស្កាត់ល្បែងស៊ីសងក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់ព្រោះបច្ចុប្បន្នល្បែងបញ្ជល់មាន់ បៀអាប៉ោង និងយូគី កំពុងរាលដាលយ៉ាងអនាធិបតេយ្យបំផុត៕