ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលរង តំណាងលោក សេង សីលា អភិបាលក្រុងបាវិត បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវា អន្តរជាតិ ៨ មីនា ខួបអនុស្សាវរីយ៍លើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ លើកកម្ពស់សមភាពយែនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស នៅសាលប្រជុំក្រុងបាវិតកាលពីព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ។
ក្នុងឱកាសនោះ លោក លឹម សៀងហេង អភិបាលរងក្រុងបាវិតបានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ជារៀងរាល់ឆ្នាំ គឺមានគោលបំណងរំលឹក ដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរសជាស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិសេរីភាព និងតួនាទីស្មើភាពគ្នារវាងបុរស នឹងស្ត្រីនៅក្នុងសង្គម ។
សំខាន់ជាងនេះទៅទៀត ទិវានេះ ឆ្លុះបញ្ចាំង និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលសម្រេចបានដោយការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់ នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ ព្រមទាំងដើម្បីរៀបចំផែនការសម្រាប់ អនុវត្តបន្តនៅឆ្នាំ បន្តបន្ទាប់ទៀត ឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី ។
លោកបន្តថា ខួបលើកទី ១០៨ នៃទិវា អន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩នៅឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ក្នុងគោលបំណងរំលេចឲ្យឃើញកាន់តែច្បាស់ថែមទៀតពីផែនការសកម្មភាពគន្លឹះ ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យមាន ចូលរួមពីគ្រប់ស្ថាប័ន អង្គភាព ក្នុងកិច្ចគាំពារសង្គម និងលើកកម្ពស់ការចូលរួមរបស់ស្ដ្រីដែលជាដៃគូមិនអាចខ្វះបាននៅក្នុងគ្រប់ដំណើរការ នៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍ ធនធានមនុស្សផងដែរ ។
បន្ទាប់មក លោកអភិបាលរងក្រុង ក៏បានសំណូមពរដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាស្ត្រីទាំងអស់ បើទោះបីជាប់រវល់ និងមមាញឹកបំពេញភារកិច្ចការងារយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសូមកុំភ្លេចត្រូវឆ្លៀតពេលវេលាជួយអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិ ឲ្យក្លាយ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើហិង្សា និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាផងដែរ ៕ យឹម សុថាន