ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស ប្រុស ស្រី៦នាក់ រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រថយន្ដ២គ្រឿង និងម៉ូតូ៣គ្រឿង បុកគ្នាជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចររវាងរថយន្តម៉ាកកាមរី ឆ្លាម បុកជាមួយរថយន្តម៉ាក សាំងយ៉ុង និងម៉ូតូ៣គ្រឿងទៀត ដែលកំពុងចរាចរ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សប្រុសស្រី៦នាក់រងរបួសធ្ងន់ និងស្រាល វេលាម៉ោង១៩ៈ៥៥នាទីថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវខេត្ត ចំណុចខាងជើងគល់ស្ពានមិត្តភាពកម្ពុជា អូស្ត្រាលី ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកកាមរី ឆ្លាម ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2N.1136 បើកបរទឹសពីជើងទៅត្បូង ដោយឈ្មោះ ចេវ.កុយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិស្លាខាងលិច ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ របួសស្រាល នាំខ្លួនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាខេត្តកំពង់ធំ ។

ឯរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ 2AA.4074 បើកបរទឹសដៅពីត្បូងទៅជើង ដោយឈ្មោះ ណែម ដាលីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិផ្តៅពេន ឃុំកាំងក្រូច ស្រុកសំរោង ខេត្តកំពង់ស្ពឺ របួសស្រាល ។

ចំណែកម៉ូតូម៉ាកស៊ុយសូគីស្មាក់រីវូ ពណ៌ក្រហម ស្លាកលេខ កំពង់ធំ 1D.7450 បើកបរទឹសស្របគ្នា និងរថយន្តសាំងយ៉ុង បើកបរដោយឈ្មោះ តុន.សុខន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់បន្លែ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន របួសស្រាល មិនពាក់មួកសុវត្ថិភាព ។

ម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ស ស្លាកលេខកំពង់ធំ 1N.7506 ទឹសដៅស្របរថយន្តសាំងយ៉ុង បើកបរដោយឈ្មោះ ថាន ស្រីរដ្ឋ ភេទស្រី អាយុ២៤ឆ្នាំ លក់បន្លែ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ។

ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកកំពង់ធំ 1I.9503 ទឹសដៅស្របរថយន្តសាំងយ៉ុង បើកបរដោយឈ្មោះ តុលា ភេទប្រុស អាយុ២៣ឆ្នាំ គ្រូបង្រៀន នៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ របួសស្រាល ពាក់មួកសុវត្ថិភាព ។ អ្នករួមដំណើរចំនួន០២នាក់ :១-ឈ្មោះ ភោគស៊ីវហូយ ភេទស្រី អាយុ២៣ឆ្នាំ គ្រូបង្រៀន របួសស្រាល មិនពាក់មួកសុវត្ថិភាព ។ ២-ឈ្មោះ សយ ស៊ីណាវ ភេទស្រី អាយុ២៣ឆ្នាំ គ្រូបង្រៀន របួសស្រាល មិនពាក់មួកសុវត្ថិភាព ។ ទាំងពីរនាក់ នៅភូមិ ឃុំ ជាមួយអ្នកបើកបរម៉ូតូ ។

វត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

មូលហេតុជាបឋម បង្កដោយអ្នកបើកបររថយន្តកាមរី ឆ្លាម បើកបរក្នុងស្ថានភាពស្រវឹងដែលមានជាតិអាល់កុលកម្រិត០,៩១មីលី្លក្រាម ក្នុងមួយលីត្រខ្យល់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖