ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយឡែកពីគ្នា

ចែករំលែក៖

ប៉ោយប៉ែត៖ គ្រោះថ្នាក់ចរាចរណ៍ពីរ ករណីធ្វើឲ្យមនុស្សម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ផ្សេងទៀត រងរបួសធ្ងន់ នៅក្រុងសិរីសោភ័ណ និង ស្រុកព្រះនេត្រព្រះ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ បានឲ្យដឹងថា៖ នៅវេលា ម៉ោង ៦ និង១០នាទី ល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្នុងទីប្រជុំជន លើកំណាត់ផ្លូវជាតិលេខ ៥ ទល់មុខផ្លូវចូលពន្ធនាគារ ខេត្ត ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងម៉ូតូបុកជាមួយម៉ូតូ ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1M.4068 បើកបរពីកើតទៅលិច បានបត់ឆ្វេង ស្របទិសគ្នា ជាមួយម៉ូតូ១គ្រឿង ទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ.បាត់ដំបង 1K.3190 បើកមានល្ពឿនលឿន ឡើងជែងម៉ូតូវេវ ហើយជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខៀវ ពាក់ស្លាកលេខ ប.មានជ័យ.1G.2070 ដែលបើកបរច្រាសទិសគ្នា ពីលិចទៅកើត ចំហៀងខាងឆ្វេងបណ្តាលឲ្យដួលអូសម៉ូតូវីវ៉ា បង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ។

លោកបញ្ជាក់ថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ សៀន និត ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ ចំណែកមនុស្ស២នាក់ទៀតដែលរងរបួសធ្ងន់ មិនត្រូវបានស្គាល់ឈ្មោះទេ ដោយត្រូវបានគេជួយសង្រ្គោះដឹកទៅមន្ទីរពេទ្យ ។ ចំពោះវត្ថុតាងម៉ូតូទាំង៣គ្រឿង បានយកមករក្សាទុកនៅការិយាល័យ ចរាចរណ៍រងចាំធ្វើការដោះស្រាយពេលក្រោយ ។

ដោយឡែក នៅ ស្រុកព្រះនេត្រព្រះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណីផងដែរ ដោយម៉ូតូ បុកជាមួយរថយន្ត កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី០៦ខែមីនា ឆ្នាំ២០១៩ ចំណុចក្បែរគល់ស្ពានលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកអធិការនគរបាល ស្រុក ព្រះនេត្រព្រះមាស ប្ញទ្ធី បានឲ្យដឹងថា៖ មុនដំបូងមានម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីមC១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៦ គ្មានផ្លាកលេខ ឈ្មោះ ខី ផល្លា ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិអូរដំបង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង (ពាក់មួកសុវត្ថិភាព) បើកបរមក ពីទិសខាងកើត ទៅទិសខាងលិច ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុក នឹងរថយន្ត ម៉ាកសាំយ៉ុង ពណ៌ខៀវលឿង ពាក់ផ្លាកលេខ ភ្នំពេញ2k-1507 បុកចំកណ្តាលទ្រូងផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ សពជនរងគ្រោះត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ម៉ូតូ និងរថយន្តខូចធ្ងន់ បច្ចុប្បន្នយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖