ព័ត៌មានទាន់ហេតុការណ៍៖

អបអរមង្គលការ កុល ដាវី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចងដៃ៥ពាន់ដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង កុល ដាវី និងតារាចម្រៀងសុខ រក្សា សម្រេចចិត្តចូលរោងការហើយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់ជិត១០ឆ្នាំ ។ អ្វីដែលធ្វើឲ្យពួកគេរំភើបក្រោយពីទទួលបានការសាកសួរសុខទុក្ខ និងចងដៃ ថ្ងៃមង្គលការពួកគេពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត នូវទឹកប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិក។

កុល ដាវី បានបញ្ជាក់ថា ​ថ្ងៃមង្គលការនាង​ទទួលបាន​ចំណងដៃ​ទឹកប្រាក់​ចំនួន ៥០០០ ដុល្លារ ពីស​ម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែល​ធ្វើឱ្យ​នាង​រំភើប​ចិត្តខ្លាំង​ដល់​ថ្នាក់​អង្គុយ​មិនជា​ប់​កៅអី​ទៅហើយ ។ កុល ដាវី បានបញ្ជាក់ដែរថា «យើងខ្ញុំ​ទាំងពីរ​នាក់​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់ រក​អ្វី​និយាយ​ប្រៀប​ពុំបាន​ឡើយ លើក​ទី ២ ហើយ ដែល​ស​ម្តេ​ច ​មីង លោក​បាន​សួរនាំ​ពីថ្ងៃ​រៀប​មង្គលការ​របស់​ពួក​ខ្ញុំ ពិតជា​មហា​កិត្តិយស​ដ៏​ធំធេង​ណាស់​ដែល​សម្តេច​មីង និង ​សម្តេច​ពូ លោក​ទាំង​ពីរបាន​ចងដៃ​យើងខ្ញុំ​ទាំងពីរ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ចំនួន ៥០០០ ដុល្លារ» ។​ កុល ដាវី បាន​និយាយទៀតថា នាង​ពិតជា​រំភើបចិត្ត​ខ្លាំង​រហូតដល់​ទប់ទឹក​ភ្នែក​ស្ទើរ​ពុំជា​ប់​ ពេលដែល​សម្តេច​ចងដៃ​មង្គលការ​យើង​ទាំងពីរ​ចំនួន ៥០០០ ដុល្លារ​បែបនេះ នេះ​ជា​ចំណងដៃ​ធំ​បំផុត​ក្នុង​ជីវិត​របស់​នាង ។

គួរបញ្ជាក់ដែរថា កុល ដាវី បានបង្កាត់ភ្លើងស្នេហាជាមួយតារាចម្រៀងសាន់ដេ លោកសុខ រក្សា ជិត១០ឆ្នាំមកហើយ ក្រោយពីអ្នកទាំង២ បានដឹកដៃគ្នាទៅច្រៀងសម្ដែងនៅប្រទេសកាណាដា តែ២នាក់ ។ ពួកគេបានចាប់ដៃគ្នាបើកមុខជំនួញមួយចំនួនរួមគ្នាទាំងបង្កើតក្រុមតន្ត្រីសម័យ និងលក់សម្លៀកបំពាក់តាម Online ជាដើម ។ មង្គលការរបស់ពួកគេត្រូវបានធ្វើឡើងដោយពិធីសូត្រមន្ត និងហែកំណត់ត្រូវបានរៀបចំធ្វើនៅគេហដ្ឋានពួកគេផ្ទាល់នាផ្ទះលេខ156 ផ្លូវP13 ក្នុងបុរីជីបម៉ុងលែន ខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ៕ វឌ្ឍនា


ចែករំលែក៖