ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាជនជាតិចិន បើករថយន្តបុកបង្កាន់ដៃស្ពានអាកាស៧ មករា ហើយបើករត់ តែត្រូវប្រជាពលរដ្ឋឃាត់បានវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្ត ទៅបុកបង្កាន់ដៃស្ពានអាកាស ៧មករា រួចព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ត្រូវប្រជាពលរដ្ឋ បើកម៉ូតូដេញតាមឃាត់បាននៅក្បែរខារ៉ាអូខេអង្គរសំរិទ្ធ តាមបណ្ដោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ ទំនងជាស្រវឹងស្រា បានបើកបររថយន្តមួយគ្រឿងម៉ាក លុចសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AL-5899 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស ភ្លាមៗនោះរថយន្តបង្ក ព្យាយាមបន្ថែមល្បឿនបើករត់គេចខ្លួន តែក៏ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍ បើកម៉ូតូដេញតាមឃាត់បាននៅក្បែរខារ៉ាអូខេអង្គរសំរិទ្ធ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ បានទាក់ទងសមត្ថកិច្ចជំនាញចរចរចុះមក យករថយន្តបង្កទៅរក្សាទុកនៅឯការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖