ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារជួយសង្គ្រោះបុរសម្នាក់ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈអការធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់ បន្ទាប់ពីឡើងយកទឹកត្នោតទំនងងងឹតមុខ ក៏រអិលជើងធ្លាក់ពីលើដើមត្នោតតែម្ដង កម្ពស់ជាង១០ម៉ែត្រ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរិទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១០នាទីល្ងាច ស្ថិតក្នុងភូមិ ទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះសុខ ណី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលអង្គប់ ឃំុសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើក្រៅពីប្រកបមុខរបរធ្វើស្រែក៏ឆ្លៀតពេលទំនេរឡើងដាក់ទឹកត្នោតយកទៅលក់ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាព ក្រុមគ្រួសារ បានធូរធាមួយកម្រិត ។
ប្រភពបន្តថា មុនកើតហេតុនៅវេលាម៉ោង៥ល្ងាច បុរសខាងលើ តែងតែឡើងយកទឹកត្នោត ដែលបានដាក់ជាប្រចាំ ខណៈប្រមាណ១០នាទី ស្រាប់តែឃើញធ្លាក់ពីលើដើមត្នោត ដែលមានកម្ពស់ជាង១០ម៉ែត្រមកដីបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងក្រុមគ្រួសារ នាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះ អកុសលហួសពេលទៅហើយ ខណៈអការធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់គួរឲ្យសង្វេគបំផុត ។
សពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល និងអាឡោះអាឡ័យបំផុត ៕ យឹម សុថាន