ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាលួចថតរូបសង្សារគេ ត្រូវគេវាយបែកក្បាលនៅនៅក្នុងមជ្ឈមណ្ឌល ម៉ូឌែន២

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មកញាំការ​គេ ឃើញនារីម្នាក់ស្អាត ស្រវឹងស្រាត្រូវបានបុរសជាសង្សារ និងមិត្តភក្តិម្នាក់ទៀតនាំគ្នាជួយគ្រាចេញក្រៅ បុរសជាសង្សារឃើញបុរសនោះបានលួចថតរូបដោយមិនដឹងថា​ មានបំណងអ្វីនោះទេ​ ទើបដើរទៅសួរថា​ “ហេតុអ្វីបងមកថតរូបខ្ញុំនិងសង្សារខ្ញុំចឹង?” ស្រាប់តែបុរសនោះឆ្លើយថា “ហែងនឹងស្អី​ គ្រាន់តែថតមិនបានមែន​” ក៏ទាស់សម្ដីឈ្លោះប្រកែកគ្នាឡើង​ កើតមានទំនាស់ប្រតាយប្រតបគ្នារហូតឈានដល់ប្រើហិង្សាដាក់គ្នា។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត១០យប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលម៉ូឌែន២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប្រភពពី​សាច់ញាតិជនរងគ្រោះដែលរងរបួសបែកក្បាល បានរៀបរាប់ប្រាប់ថា​ បុរសរងគ្រោះជនរងគ្រោះ​ឈ្មោះ​ ឈៀក​ សុភ័ក្រ​ អាយុ២៩ឆ្នាំ ស្នាក់នៅម្ដុំអូរឬស្សី ដំបូងឡើយ​នៅមុនពេលកើតហេតុ ជនរងគ្រោះរួមទាំងសាច់ញាតិប្រុសស្រីជាច្រើននាក់ទៀត​ បានទៅ​ចូលរួមក្នុងកម្មវិធីមង្គលការ​របស់ឈ្មោះ ចឹក​ កុសែន​ និងឈ្មោះ​ ម៉ន​ សេរីរ័ត្ន​ នៅក្នុងមជ្ឈមណ្ឌលម៉ូឌែន២​ ដោយមានភ្ញៀវ​ខាងប្រុសខាងស្រីមកចូលរួមពិសារ​ភោជនាហារ​យ៉ាងច្រើនកុះករ ។

ប្រភពបន្តថា​ លុះពេលផឹកស្រវឹង​ ជនរងគ្រោះ​បានលួចថតរូបនារីរូបស្រស់ម្នាក់ ដែលជាភ្ញៀវមកចូលរួមក្នុងកម្មវិធីមង្គលការនេះដែរ​ ហើយក៏ដើរទៅក្រៅបាត់​ មួយសន្ទុះក្រោយមកម៉ោងជិត១០យប់​ស្រាប់ដើរមកវិញ​ ហើយឃើញបុរសជាសង្សារនារីរូបស្រស់ម្នាក់នោះ និងបុរសម្នាក់ទៀត​កំពុង​គ្រានារីរូបស្រស់នោះចេញមកក្រៅ​ សុទ្ធតែស្រវឹង បានត្រលប់ទៅផ្ទះវិញ​ ចំណែកឯបុរសរងគ្រោះ​ស្រវឹងស្រា​ដែរ តែបែរជាទៅថតរូបនារីរូបស្រស់ម្នាក់ដែលផឹកស្រវឹង ដើរមិនចង់រួច​ ហើយត្រូវបានបុរសជាសង្សារ និងមិត្តភក្តិម្នាក់ទៀត នាំគ្នាជួយគ្រាចេញក្រៅ​ ស្រាប់តែមិនដឹងយ៉ាងម៉េច​ ក៏ផ្ទុះហិង្សា​វាយតប់គ្នាទៅវិញទៅមក​ បណ្ដាលឲ្យជនរងគ្រោះបែកក្បាលតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ ភាគីទាំងសងខាង​ បានចូលរួមពិសារ​ភោជនាហារ​ក្នុងកម្មវិធី​មង្គលការ​​ លុះផឹកស្រវឹងរៀងខ្លួន​ ភាគីដែលរងរបួស​ បានទៅលួចថតគេ​ ហើយពេលមកដល់មាត់ជណ្ដើរចុះក្រោម បុរសជាសង្សារបានក្រឡេកទៅឃើញបុរសនោះ លួចថតតាំងពីនៅពីមុខផ្ទាល់ រហូតមកថតនៅពីក្រោយទៀត​ ដោយមិនដឹងថា​មានបំណងអ្វីនោះទេ​ ទើបបុរសជាសង្សារ​បានសួរបុរសរងគ្រោះថា​ “ហេតុបងមកថតរូបខ្ញុំ និងសង្សារខ្ញុំចឹង?” ស្រាប់តែបុរសរងគ្រោះឆ្លើយតបមកថា “ហែងនឹងស្អី​ គ្រាន់តែថតមិនបានមែន​” លឺឆ្លើយតបមកឈ្លើយពេក ក៏ទាស់សម្ដីឈ្លោះប្រកែកគ្នាឡើង​ កើតមានទំនាស់ប្រតាយប្រតប់គ្នា ឈានដល់ប្រើហិង្សាតែម្ដង បណ្ដាលឲ្យបុរសរងគ្រោះ​ បែកក្បាលហូរឈាមជោគខ្លួន​ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិ និងមិត្តភក្តិភាគីទាំងសងខាងចូលឃាត់ បែកចេញពីគ្នា រួចប្រាប់ក្រុមសន្តិសុខមជ្ឈមណ្ឌលម៉ូឌែន២​ មកសួរនាំភាគីទាំងសងខាង និងជួយសម្រួលដែរ​។

ដោយសារតែឃើញបុរសរងគ្រោះ​រងរបួសបែកក្បាលឈាមពេញខ្លួន​ ខាងសន្តិសុខ​មជ្ឈមណ្ឌលម៉ូឌែន២​ បានរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះអន្តរាគមន៍​ ហើយភាគីខាងនារីជាសង្សារ​នោះ​ សុំសម្របសម្រួលគ្នាមួយជំហានសិន​ តែមិនត្រូវគ្នា​ ទើបសមត្ថកិច្ចនាំភាគីទាំងសងខាងមកស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម​ ដើម្បីសាកសួរបន្តតែម្ដង។

ចំណែកឯនៅប៉ុស្តិ៍វិញ​ បុរស២នាក់ ដែលម្នាក់ជាសង្សារនារីរូបស្រស់នោះ​ និងម្នាក់ទៀតជាមិត្តភក្តិ​ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានសមត្ថកិច្ច​សួរនាំដំណើររឿងហេតុ​ម្ដងម្នាក់​ បន្ទាប់ពីសួរបុរសជាសង្សាររួច​ បានសួរនាំបុរសដែលជាមិត្តភក្តិ​ តែបែរជា​ច្រឡោត​ស្រែកដាក់សមត្ថកិច្ចវិញ​ ហើយប្រមាថសមត្ថកិច្ចថា “ប៉ូលិសចេះធ្វើការអាចម៍ឆ្កែស្អីទេ” ដោយប្រើសម្ដី​អសីលធម៌​ និងមិនគោរពសមត្ថកិច្ចបន្តិចសោះ​។ ចំណែកឯបុរសដែលរងរបួស​ បានត្រលប់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ផងដែរ។

បច្ចុប្បន្នបុរសទាំង២នាក់ ដែលប្រើហិង្សាលើបុរសម្នាក់ទៀត​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បណ្ដោះអាសន្ន​​ រង់ចាំដោះស្រាយគ្នានៅព្រឹកថ្ងៃទី៩​ មីនានេះ តាមបណ្ដឹងជនរងគ្រោះ ​ករណី​បង្កហិង្សាបណ្ដាលឲ្យ​ជនរងគ្រោះ​រងរបួសបែកក្បាល ៕ ជ្រោយពេជ្រ


ចែករំលែក៖