ព័ត៌មានទាន់ហេតុការណ៍៖

ផឹកសុីទាស់សំដីគ្នាឈានដល់ប្រើអំពើហិង្សា ដោយចេនា មានស្ថានទម្ងន់ទោស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះថ្ម កំពុងសាងសង់របស់ឈ្មោះ សារៀម ស្ថិតក្នុងភូមិគោកច្រេស សង្កាត់-ក្រុងសំរោង មានកើត ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សំ រដ្ឋា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ-សង្កាត់-ក្រុងសំរោង មុខរបរៈ កម្មករសំណង់ បានយក ត្រសេះ វាយទៅលើឈ្មោះ ធី វុធ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិគោកច្រេស សង្កាត់-ក្រុងសំរោង មុខរបរ កម្មករសំណង់ ត្រូវចំចង្កេះខាងឆ្វេង និង ក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យរងរបួសធ្ងន់។ មូលហេតុ ផឹកស៊ីទាស់សំដីគ្នា ។

សមត្ថកិច្ចបានឲ្យដឹងថា អំពីរឿងហេតុ តាមការសាកសួរបឋម លើជនសង្ស័យខាងលើ បានសារភាពថា ៖ រាល់ថ្ងៃរូបខ្លួនធ្វើការជាជាងសំណង់ ជាមួយជនរងគ្រោះ លុះនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ម៉ោងប្រហែល ១៩និង០០នាទី រូបខ្លួន និងជនរងគ្រោះបានផឹកស្រាជាមួយគ្នា ។

សមត្ថកិច្ចបានបន្តថា ក្នុងពេលនោះជនរងគ្រោះ បាននិយាយអួតតែពីរឿងវ៉ៃកែងដូចកីឡាប្រដាល់ឈ្មោះ វង្ស ណយ ហើយក៏បានទាស់សំដីគ្នា ដោយរូបខ្លួនបាននិយាយថា៖ ខ្ញុំមិនចេះវ៉ៃកែងទេ ចេះតែប្រើត្រសេះ ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា បន្ទាប់មកក៏ឈប់ផឹក ហើយរូបខ្លួនបានឡើងទៅដេកលើគ្រែក្បែរនោះ ចំណែកជនរងគ្រោះនៅផឹកស្រាបន្តជាមួយឈ្មោះ រ៉ើន រស់នៅភូមិគោកច្រេស (ជាកម្មករសំណង់ជាមួយគ្នា) ហើយបាននិយាយដៀមឌាមមកលើរូបខ្លួនទៀត ពេលនោះនៅវេលាម៉ោងប្រហែល ០០៖១០នាទី ឈានចូល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ រូបខ្លួនក៏ដើរចេញក្នុងបំណងទៅផ្ទះនៅភូមិសំរោងវិញ តែពេលដើរចេញបានប្រហែលជា ២០០ម៉ែត្រ ដោយអន់ចិត្ត និងខឹងជនរងគ្រោះ រូបខ្លួនក៏ដើរត្រឡប់មកវិញ ហើយបានទាញយកត្រសេះនៅលើគំនរដែកក្បែរកន្លែងជនរងគ្រោះអង្គុយ ក៏វាយទៅលើជនរងគ្រោះត្រូវចំចង្កេះខាងឆ្វេង ភ្លាមនោះជនរងគ្រោះ ក៏ស្ទុះរត់ទៅចំការដំឡូងខាងកើតផ្ទះ រូបខ្លួនក៏រត់ដេញតាម ហើយបានលើកត្រសេះបំរុងវាយទៀត ចៃដន្យផ្លែត្រសេះរបូតពីដងខ្ទាតត្រូវចំក្បាលរបស់ជនរងគ្រោះ ។

ជនសង្ស័យបានឃើញសភាពមិនស្រួល រូបខ្លួនក៏បោះដងត្រសេះចោល ហើយបានដើរចេញពីនោះ ត្រឡប់ទៅផ្ទះតាមផ្លូវជាតិលេខ ៦៨ ។ ពេលមកដល់ចំណុចមុខផ្ទះលក់ត្រាក់ទ័ររបស់ឈ្មោះ ម៉ៃ សត់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសំរោង ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សំ រដ្ឋា ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរក្រុងសំរោងដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕ប៉ែន នួន


ចែករំលែក៖