ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ពិចារណាឱ្យមានទោសប្រហារជីវិត ឡេីងវិញ បន្ទាប់ពីស្តាប់ការរៀបរាប់របស់កុមារី រងការរំលោភសេពសន្ថវៈយ៉ាងអសីលធម៌ពីឪពុកបង្កើត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញនូវគំនិតចង់ឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាឡេីងវិញ ដោយឱ្យមានទោសប្រហារជីវិត សម្រាប់ជីតាបង្កើត និង ឪពុកបង្កើត ដែលរំលោភសេពសន្ថវៈទៅលើចៅស្រី និង កូនស្រីបង្កើតរបស់ខ្លួន ។

ប្រសាសន៍សម្ដេចតេជោ ធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយយុវនារី និង កុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី។

យុវនារី និង កុមារី ជាជនរងគ្រោះដោយសារអំពើរំលោភផ្លូវភេទ ពីសំណាក់ជីតា និង ឪពុកបង្កើត យ៉ាងអាណោចអាធ័មជាទីបំផុត ។

ជនរងគ្រោះជាកុមារី និង នារី ទាំងអស់បានស្នើឲ្យមានការដាក់ទោសទណ្ឌ ឲ្យបានធ្ងន់ធ្ងរចំពោះជនល្មើស ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការ រំលោភផ្លូវភេទគឺជាអំពើអកុសលបំផុត ។ សម្តេចបានគិតថាវាជាអំពើអសីលធម៌ដ៏ធ្ងន់ធ្ងរ ហើយគួរតែមានទោសប្រហារជីវិត សម្រាប់ជនណាដែលប្រព្រឹត្តនូវអំពើរំលោភបំពានទៅលើស្ត្រីនិងកុមារជាពិសេសគឺជីតាបង្កើតនិងឪពុកបង្កើត ឬ សាច់ញាតិបង្កើត តែម្ដង ។

ទោះបីនេះគ្រាន់តែជាកាតគិត ។ ប៉ុន្តែទោសប្រហារជីវិតវាត្រូវមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញ ហើយសម្ដេចមិនស្នើសុំទៅរដ្ឋសភា ឬ ស្នើសុំទៅព្រះមហាក្សត្រដើម្បីសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះទេ ។

ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឲ្យមានទោសប្រហារជីវិតឡើងវិញ គឺត្រូវផ្អែកទៅលើការធ្វើប្រជាមតិជាមួយនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេសថាតើគួរសម្រេចឲ្យមានទោសប្រហាជីវិតឡើងវិញឬទេ ? ៕ចេស្តា


ចែករំលែក៖