ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាលសួរសុខទុក្ខកុមារីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)ទុំឌី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទក្ខជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះទៅម្តងរួចមកហើយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។

មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយការរំលោភបំពានផ្លូវភេទ។ ការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាព្រឹកនេះ គឺដើម្បីពិនិត្យដោះស្រាយនៅបញ្ហាមួយចំនួននៅក្នុងមជ្ឈមណ្ឌលនេះ ដូចជាការសាងសង់អគារសិក្សា អគារស្នាក់នៅរបស់គ្រូៗ យុវនារី និងកុមារីរងគ្រោះ ក៏ដូចជាការឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដើម្បីទ្រទ្រង់ដំណើរការមជ្ឈមណ្ឌលមួយនេះ។ មជ្ឈមណ្ឌលនេះ មានគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន ៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្តុះបណ្តាលផ្សេងៗ ៨៩នាក់ ៕




ចែករំលែក៖