ព័ត៌មានទាន់ហេតុការណ៍៖

ឡិចស៊ីស RX300 បើកលឿនពេក រេចង្កូតបុករះម៉ូតូមួយគ្រឿងរបួសធ្ងន់២នាក់ ហើយបន្តបុកឃឿនផ្លូវ និងរបងផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តឡិចស៊ីសRX300 មួយគ្រឿង បានបើកបរលឿនពេក ខណៈមានរថយន្តផ្សេងនៅពីមុខក៏រេចង្កូតទៅ ផ្លូវម្ខាងទៀតជ្រុល ទៅបុកម៉ូតូមួយគ្រឿង កំពុងធ្វើដំណើរ បណ្ដាលឲ្យមនុស្ស២ នាក់របួសធ្ងន់ និងផ្លោងទៅបុកទម្លុះផ្ទះប្រជាពលរដ្ឋរងការខូច ខាតអស់មួយខ្នង បន្ថែមទៀត ។

ករណីគ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅជាប់ហាង នំបុ័ងបាយ័ន​ តាមបណ្ដោយផ្លូវជាតិ លេខ១ ក្នុងសង្តាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ​។

តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្ក ម៉ាក ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-0886 បានធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មួយគ្រឿងទៀតបើក ឆ្លងផ្លូវកាត់ពីមុខរថយន្តបង្ក ធ្វើឲ្យរថយន្តបង្ក រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូមួយ គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-9659 ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នាចំពី ចំហៀងខាងមុខពេញ ទំហឹង បណ្ដាលឲ្យមនុស្ស២ នាក់រងរបួសធ្ងន់ ហើយរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុកឃឿន ផ្លូវហោះទៅបុកទ្វាផ្ទះ ប្រជាពលរដ្ឋបន្ថែម ទៀត បណ្ដាលឲ្យទ្វារផ្ទះ និងរថយន្តបង្ករងការ ខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំង២នាក់ ដែលជាភាគីខាងម៉ូតូ ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅឯមន្ទីរពេទ្យ ។ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះ ព្រមទាំងការខូចខាត ក្នុងហេតុការណ៍ខាងលើនោះ ត្រូវបានសមត្ថកិច្ច វាស់វែងយកទៅរក្សាទុក រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាម នីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖