ភ្នំពេញ ៖ នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ មានរថយន្ត មួយគ្រឿង បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស ពណ៌ខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 2AL.7178 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់ ឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំទៅមុខលែងរួច ចំណែកម្ចាស់រថយន្តបានរត់គេចបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ធានបានទំនាក់ទំនងទៅមន្រ្តីជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីវាស់វែង នឹងស្ទួចរថយន្តទៅរក្សាទុក រង់ចាំម្ចាស់រថយន្តដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ