ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ត្រូវម៉ាស៊ីនកិនដីឥដ្ឋ កិនដាច់ដៃម្ខាង មើលទៅគួឲ្យរន្ធត់

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ត្រូវបានម៉ាស៊ីនកិនដីឥដ្ឋកិន បណ្តាលឲ្យដាច់ដៃម្ខាងដេកសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ មើលទៅគួឲ្យរន្ធត់ ។ ករណីនេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចសិប្បកម្មឡឥដ្ឋមួយកន្លែងស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឆេង ស្រីភ័ក្រ ភេទស្រី អាយុ០៩ឆ្នាំ ជនជាតិខ្មែរ មានឪពុកឈ្មោះ ឆេង ប៊ុនហំ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋម្តាយឈ្មោះ ឃឹម ចាន់ណា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិថ្មី ឃុំក្រឡាស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងសិប្បកម្មឡឥដ្ឋខាងលើនេះ ។

ប្រភពដដែលបានបន្តថា កុមារីរងគ្រោះ និងឪពុកម្តាយព្រមទាំងបងប្អូន២នាក់ទៀតបានមកស្នាក់នៅក្នុងសិប្បកម្មឡឥដ្ឋខាងលើនេះ អស់រយៈពេល៦ឆ្នាំមកហើយ ដើម្បីស៊ីឈ្នួលផលិតឥដ្ឋយកប្រាក់កម្រៃចិញ្ចឹមជីវិត ។ ការចូលមកស្នាក់នៅរបស់គ្រួសារមួយនេះត្រូវបានម្ចាស់សិប្បកម្មផ្តល់ផ្ទះឲ្យនៅដូចកម្មករដ៏ទៃទៀតអញ្ចឹងដែរ ។

ប្រភពដដែលបានបន្តទៀតថា ឪពុក-ម្តាយកុមារីរងគ្រោះស៊ីឈ្នួលផលិតឥដ្ឋគិតចំនួនដុំ ក្នុង១ម៉ឺនដុំតម្លៃ៨ម៉ឺនរៀល កន្លងមកក្មេងស្រីរងគ្រោះតឺងទៅលេង និងជួយការងារឪពុកម្តាយផងដែរ ។ លុះមកដល់ថ្ងៃកើតហេតុគ្រាដែលឪពុកម្តាយជញ្ជូនដុំឥដ្ឋដែលផលិតបានយកទៅហាលថ្ងៃ ស្រាប់តែមានកម្មករនៅក្បែរនោះស្រែកឆោឡោឡើង ពេលឪពុកម្តាយទៅមើលទើបដឹងថា កូនស្រីត្រូវបានម៉ាស៊ីនកិនដីឥដ្ឋកិន បណ្តាលឲ្យដាច់ដៃស្តាំម្ខាងត្រឹមក្លៀក ក៏ប្រញ៉ាប់ប្រញ៉ាលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាក់ថា សមត្ថកិច្ចនគរបាលយុត្តិធម៌រកពុំឃើញសញ្ញាណ នៃការប្រើប្រាស់កម្លាំងកុមានោះទេ ពោលគឺក្មេងស្រីរងគ្រោះតែងតែទៅលេង និងជួយធ្វើការងារនេះជាមួយឪពុកម្តាយជារឿយៗ ដោយម្ចាស់សិប្បកម្មមិនបានជួលក្មេងស្រីរងគ្រោះអោយធ្វើការឡើយ ។ ក្រោយពីមានហេតុការណ៍នេះកើតឡើង លោកស្នងការនិងសការីរបស់លោក ព្រមទាំងអ្នកសារព័ត៌មាន ក៏ដូចជាសប្បុរសជន បានចំណាយថវិកាចូលរួមជួយឧបត្ថម្ភដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដើម្បីជួយសម្រួលដល់ទុក្ខលំបាកមួយនេះ ៕ ស្អាងជ័យ


ចែករំលែក៖