ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពដឹកឈើ កើតមានរាល់ថ្ងៃចេញពីស្រុកភ្នំក្រវាញ ទាំងយប់ ទាំងថ្ងៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកភូមិបានរាយការណ៍មកថា៖ សកម្មភាពដឹកឈើ មានរាល់ថ្ងៃចេញពីស្រុកភ្នំក្រវាញ មានទាំងយប់ មានទាំងថ្ងៃ មិនលោះពេល បែបអនាធិបតេយ្យ កាន់តែធ្ងន់ធ្ងរជាងមុន។ ដោយឡែកយុទ្ធនាការបង្ក្រាបពីសមត្ថកិច្ច ជំនាញពាក់ព័ន្ធនៅមានកម្រិត ។

ប្រជាជនបានលម្អិតថា៖ សមត្ថកិច្ចភាគច្រើនប្រមូលតែឈើអត់ច្បាប់ រកម្ចាស់ឈើមិនឃើញ មានន័យថា៖ ត្រូវបាន បង្ក្រាបចាប់យកប្រគល់អោយជំនាញ តាមនីតិវិធី ចំពោះឈើមានម្ចាស់ ការដឹកជញ្ជូនតាមគោយន្តកែច្នៃ រថយន្តបាកុង ឬគោយន្តកន្រ្តៃវិញ ទោះជាដឹកពេលយប់ ពេលថ្ងៃក៏ដោយ មិនឃើញបង្ក្រាបទេ សង្ស័យជាសកម្មភាពដឹកជញ្ជូននេះ មានច្បាប់អនុញ្ញាត ទើបឈ្មួញដឹកជាហូរហែ កណ្តាលថ្ងៃកាត់តាមភូមិអ្នកស្រុក បានដោយសេរី។

ពួកគាត់បានបញ្ជាក់ថា៖ ចំពោះតាមផ្លូវទៅអូរដារ ឋិតក្នុងភូមិវាល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ មានក្រុមហ៊ុនមួយ ដែលពួកគាត់មិនស្គាល់ឈ្មោះ បាននឹងកំពុងកាប់ ដឹកជញ្ជូនឈើរាល់ថ្ងៃ ក្នុងនោះក៏មានវត្តមានសមត្ថកិច្ច មានមន្ត្រីបរិស្ថាន និងមន្ត្រីអង្គការ សុីអាយ ចាំយកតែលុយ មិនព្រមទប់ស្កាត់សោះ ក្លាយជាវប្បធម៍ចេតនាទុច្ចរិតបំផ្លាញព្រៃឈើកាន់តែខ្លាំងឡើង ប៉ុន្តែពួកគាត់មិនដឹងថាកាប់នៅចំណុច តំបន់ណាពិតប្រាកដ ៕ សុខ ខេមរា


ចែករំលែក៖