គ្មានសោះការបង្ក្រាបបទល្មើសនៃការកាប់បំផ្លាញព្រៃឈើ ទាំងក្នុងដែនជម្រក និងក្រៅដែនជម្រក ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ទាំងផ្នែកបរិស្ថាន និងរដ្ឋបាលព្រៃឈើ ផ្តេកផ្តួលស្មើគ្នា ដើម្បីតែផលប្រយោជន៍ពីពួកអ្នករកស៊ីបទល្មើស ។ មិនតែប៉ុណ្ណោះ បែរជាមានពពួកអ្នកចាំខាំត្របាក់ លាបពណ៌ដាក់អ្នកដទៃក្នុងរឿងនៃការកាប់បំផ្លាញ និងដឹកជញ្ជូនឈើនោះទៅវិញ ។ ស្ថាប័នជំនាញទាំងពីរ ពោលគឺទាំងបរិស្ថាន និងរដ្ឋបាលព្រៃឈើមិនដែលមានប្រតិកម្មម្តងណាទេ ផ្ទុយទៅវិញ បែរជាជួលកូនជឹងឲ្យចាំស្រែក ព្រុះខាំលើអ្នកកាសែតដែលហ៊ាននិយាយការពិតទៅវិញ ។
បើតាមប្រភពបានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញទាំងមូល សកម្មភាពនៃការកាប់ និងដឹកជញ្ជូនឈើបានកើនឡើងទ្វេដងគួរឲ្យព្រួយបារម្ភនៅក្នុងឃុំសន្ទ្រែ, សំរោង, រកាត… ដែលបណ្តាឃុំទាំងនេះមានមួយចំនួនស្ថិតក្នុងដែនសមត្ថកិច្ចបរិស្ថាន និងមួយចំនួនទៀតស្ថិតក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ។ សមត្ថកិច្ចទាំងពីរស្ថាប័ននេះ ហាក់ដូចជាកំពុងប្រជែងគ្នា ប្រឹងកសាងបទល្មើស ឃុបឃិតជាមួយពួកឈ្មួញដើម្បីផលប្រយោជន៍ ។ ពួកមន្ត្រីរដ្ឋបាលព្រៃឈើគ្រាន់តែបើកទូរស័ព្ទចាំទទួលការហៅចូលពីពួកឈ្មួញ មុនពួកគេចេញដំណើរមកដល់កន្លែងបង់ប្រាក់របស់ខ្លួនតែប៉ុណ្ណោះ ។ លោក សួស សុផានិត នៅតែត្រូវពួកឈ្មួញអះអាងថា ជាមេព្រៃដ៏ធំ ដែលមិនដែលខ្វល់ក្នុងការបង្ក្រាបបទល្មើស គឺចាំតែយកលុយ យ៉ាងហោចណាស់១គោយន្ត ឬរថយន្តកែច្នៃ ១០ម៉ឺនរៀល ។
ទាំងក្រសួងបរិស្ថាន ក៏ដូចជាអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើស្ងាត់ជ្រងំ មិនដែលមានប្រតិកម្មអ្វីទាល់តែសោះ ចំពោះដំណើរឆ្ពោះទៅរកការរលំរលាយទាំងស្រុង នៃព្រៃឈើនៅក្នុងស្រុកភ្នំក្រវាញនោះ ។ បើតាមពួកមេព្រៃតូចតាច និងមន្ត្រីបរិស្ថានបានអះអាងថា បើមិនមានការចែករំលែកផលប្រយោជន៍ឲ្យថ្នាក់លើទេនោះ គឺមិនអាចប្រព្រឹត្តល្មើសបានដោយស្រួលឡើយ ។ ទាំងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ មិនដែលអើពើចំពោះបញ្ហានេះទេ គឺទុកលទ្ធភាពឲ្យមន្ត្រីក្រោមឱវាទធ្វើព្យុះធ្វើភ្លៀង ដូរនឹងផលប្រយោជន៍ណាមួយ ។ បើគ្មានផលប្រយោជន៍ ម្ល៉េះគេចាត់ការបង្ក្រាបបទល្មើសទៅហើយ ៕