ព័ត៌មានទាន់ហេតុការណ៍៖

រឿង​ក្តី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃ​ទី​២៦​ មីនា

ចែករំលែក៖

ភ្នំពេញ​៖ រឿង​ក្តី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ៏​កក្រើក​រាជធានីភ្នំពេញ​ បាន​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ​ និង​ ឆ្លង​កាត់​សវនាការ​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយ​ពុំ​ដែល​មាន​វត្តមាន​លោក​ ថោង​ សារ៉ាត់​ ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ថា​ជា​មេខ្លោង​ឡើយ​ ។

ទោះបី​យ៉ាងណា​ ពេល​នេះ​លោក​តុប​ ឈុនហេង​ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កំណត់​យក​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២រសៀល​ ដេីម្បី​ប្រកាស​សាលក្រម​រឿង​ក្តី​នេះ​ បន្ទាប់​ពី​បញ្ចប់​សវនាការ​សួរ​ដេញដោល​នៅ​ថ្ងៃទី​១៣​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ ។

គួររំលឹកថា ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​ឃាតក​បាញ់សម្លាប់ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤​ នៅមុខហាងលក់ផ្លែឈើយីហោ ឡោ​ តិចសេង ក្នុងខណ្ឌចំការមន

ជនជាប់ចោទ​ ថោង សារ៉ាត់ និងអង្គរក្សចំនួន៥នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ ។ ប៉ុន្តែក្រោយមកអង្គរក្សម្នាក់ឈ្មោះ លី សៅ ដែល​នគរបាលអះអាងថា ជាជនដៃដល់ បានស្លាប់នៅក្នុងពន្ធនាគារ​ ដោយសារ​បញ្ហា​ជំងឺ​ ។

មជ្ឈដ្ឋាន​ជាច្រើន​រង់ចាំ​មើល​ថា​ តេី​លោក​ថោង​ សារ៉ាត់​ អ្នក​មាន​ដ៏​ស្តុកស្តម្ភ​ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាង​ដូចម្ដេច​ ៕ ចេស្តា


ចែករំលែក៖