ខេត្តស្ទឹងត្រែង៖ ក្រោមការបញ្ជាផ្ទាល់ របស់ម៉ុម សារឿន អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះ ចុះការពារ និងត្រួតពិនិត្យព្រៃឈើ ដែលនៅសេសសល់ នៅក្នុងភូមិសាស្ត្រ ស្រុកថាឡាបរិវ៉ាត់ ស្ថិតក្នុងរដ្ឋបាលខេត្តទាំងមូល ដែលកំពុងគ្រប់គ្រង ។
ក្នុងប្រតិបត្តិការ ចុះការពារ និងបង្ក្រាបព្រៃធម្មជាតិជីវចម្រុះនេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅក្នុងចំណុចអូរចង្ហា ភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
លោកវ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងនៅថ្ងៃទី១២ ខែមីនាថា ក្នុងរយៈពេលបីខែកន្លងមកនេះ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ បានចុះបង្ក្រាបបទល្មើសសេដ្ឋកិច្ចបានជាច្រើនករណី ។ ថ្មីៗនេះ ចុះររឹបអូសឈើក្នុងរោងសិប្បកម្មកែច្នៃ ខុសច្បាប់ និង ឃាត់ និងទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែន និងប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើថែរក្សាទុក និងចាត់ការតាមច្បាប់ជាបន្តបន្ទាប់ ។
លោកបន្តទៀតថា ជាក់ស្តែងដូចជាឃាត់រថយន្តបាកុងដឹក ឈើឡាំងបួនជ្រុង មានមុខកាត់ចាប់ពី៥០ទៅដល់៦០សង្ទីម៉ែត្រ ដែលមានប្រវែងចាប់ពី ៦ម៉ែត្រទៅ ៨ម៉ែត្រ ចំនួន 1គ្រឿងផ្ទុកប្រមាណជាជិត១០ម៉ែត្រគូប ។
លោកវ៉ា សុផាន់ បានបញ្ជាក់ថា លោកនិងក្រុមការងារ ត្រូវចុះមកត្រួតពិនិត្យ និងតាមដានស្រាវជ្រាវ ការពារព្រៃឈើដែលនៅសេសសល់ ពីក្រុមឈ្មួញទាំងនេះ មិនឲ្យបន្តសកម្មភាពទៀតបានឡើយ ស្របទៅតាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្ត ។ បច្ចប្បន្នរថយន្ត និងឈើដែលបង្ក្រាបបានខាងលើ ត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើឃុំសំអាង ដើម្បីរក្សាទុក និងចាត់ការទៅតាមច្បាប់ ។
ប្រភពបានផ្តល់ព័ត៌មានបានឲ្យដឹងថា ជាក់ស្តែងរថយន្តឪរ៉ាល់ ប្រភេទរថយន្តបាកុងនេះ គេធ្វើសកម្មភាពដឹកឈើឡាំងបួនជ្រុងៗធំនេះ គេបានធ្វើសកម្មភាពជាយូរខែមកហើយ ដោយសារមានការត្រូវរ៉ូវពីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ និងមានយោធាជាអ្នកកាង និងមើលផ្លូវថែមទៀតផង ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីមានបទបញ្ជាពីលោកអភិបាលនៃគណៈអភិបាលខេត្ត ទើបមានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក វ៉ា សុផាន់ បានចុះស្រាវជ្រាវ ដល់ទីកន្លែងដែលមេឈ្មួញកំពុងធ្វើសកម្មភាព ក៏បានជួបរថយន្តបាកុងមួយគ្រឿង កំពុងធ្វើសកម្មភាព ដឹកចេញពីទីតាំងដែនដីរដ្ឋបាលខេត្ត ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ រួចគេដឹកទៅកាន់ខេត្តព្រះវិហារ ដែលមានព្រុំប្រទល់ជាប់គ្នានឹងទឹកដីខេត្តស្ទឹងត្រែង ។
ក្រុមឈ្មួញឧក្រិដ្ឋកម្មព្រៃឈើនេះ កំពុងធ្វើសកម្មភាពកាប់អារ ច្រៀកនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់នេះតែម្តង ដោយគ្មានការទប់ស្កាត់ និងបង្ក្រាបនោះឡើយ ។ សមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើ ឃុំ និងស្រុកទាំងនេះ នាំគ្នា ឃុបឃិតជាប្រព័ន្ធ ជាមួយឈ្មួញបើកដៃឲ្យធ្វើសកម្មភាពយ៉ាងពេញទំហឹង រួចនាំគ្នាធ្វើថ្លង់ធ្វើគ ហើយគេដឹកជញ្ជូនយកទៅលក់ឲ្យក្រុមហ៊ុនមួយ ដែលមានទីតាំងនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ យ៉ាងគឃ្លើនទៅវិញ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ មិនដឹងថា មានច្បាប់អនុញ្ញាត ឬអត់នោះទេ នៅក្នុងស្រុកឆែប ដែលមានព្រំប្រទល់ជាប់គ្នា នឹងព្រំប្រទល់ខេត្តស្ទឹងត្រែង ដែលគេកំពុងតែលបលួចធ្វើសកម្មភាព កាត់អារ ច្រៀកហើយថែមទាំងបំផុស ឲ្យប្រជាពលរដ្ឋកាប់ឈើពីតំបន់នានា ក្នុងទឹកដីស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែង ដឹកយកទៅលក់ឲ្យខ្លួនដើម្បីឲ្យក្លាយទៅជាឈើស្របច្បាប់ ។ បញ្ហានេះធ្វើឲ្យព្រៃឈើជាច្រើនដែលនៅក្នុងស្រុកថាឡាបរីវ៉ាត់ បើលោកអភិបាលខេត្ត មិនចេញបទបញ្ជាទាន់ពេលវេលាទេ វាអាចនឹងឈានចូលដល់កាប់ទន្ទ្រានព្រៃឡង់ ដែលជាដែនជម្រកអភិរក្សសត្វព្រៃ ជាដែនគ្រប់គ្រងរបស់បរិស្ថានផងដែរ ៕ មាស សុផាត