ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តនឹងប្រពន្ធដកហូតម៉ូតូមិនឲ្យរត់ឌុប ចង.កនឹងខ្សែនីឡុង សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានតូចចិត្តនឹងប្រពន្ធដកហូតម៉ូតូមិនឲ្យរត់ឌុប ព្រោះពេលរត់ម៉ូតូ បានលុយហើយគិតតែពីផឹកមិនគិតពីប្រពន្ធនិងកូន ក៏សម្រេចចិត្តចង.កនឹងខ្សែនីឡុងសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹកតែម្តង ។

ករណីចង.កសម្លាប់ខ្លួនឯងខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១២និង១០នាទីរសៀលថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩នៅចំណុច បន្ទប់ជួលមួយកន្លែងក្រោយវត្តទួលសុវណ្ណារ៉ាម ហៅវត្តទួលសង្កែ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។

សពបុរសឈ្មោះ សួន គីម សឿន អាយុ ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុបមានលំនៅស្នាក់នៅកន្លែងកើតហេតុ និងស្រុកកំណើតភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម និងមានប្រពន្ធ ឈ្មោះឡាយ សុខទា អាយុ៣៩ឆ្នាំ ជាកម្មាការីនីរោងចក្រ មានកូនប្រុសស្រី២នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរូបនោះ បានសំងំចង.កសម្លាប់ខ្លួន នៅបន្ទប់ជួលរបស់ខ្លួនក្នុងបន្ទប់ទឹកហើយ ត្រូវបានអ្នកជិតខាងមានការសង្ស័យ ដោយឃើញទ្វារចំហក៏បានអើតមើលប្រទះឃើញបុរសនោះ ចង.កសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ។

បើតាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្តីរបស់ខ្លួនជាអ្នករត់ម៉ូតូឌុប ហើយនៅពេលដែលរត់ម៉ូតូបានលុយ គិតតែពីផឹក មិនដែលគិតគូរក្នុងគ្រួសារនោះទេ ។ ដោយសារតែប្តីគាត់គិតតែពីផឹកពេក ទើបក៏សម្រេចចិត្តដកម៉ូតូទុកលែងឲ្យរត់សិន កាលពី២ថ្ងៃមុននិងលែងបានលុយផឹកទៀត មិននឹកស្មានថាគិតខ្លីបែបនេះសោះ ។

យោងតាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីធ្វើកោសលវិច្ឆ័យរួចសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុរសខាងលើពិតជាស្លាប់ ដោយសារចង.កសម្លាប់ខ្លួនឯង ជាមួយនឹងខ្សែនីឡុងភ្ជាប់ទៅឆ្អឹងពិដានបន្ទប់ទឹក ហើយស្លាប់ដូចបំណង ។

បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារបញ្ជូនទៅតំកល់នៅវត្តទួលសុវណ្ណារ៉ាមហៅវត្តទូលសង្កែដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ធឿនព្រែកជ័យ


ចែករំលែក៖