ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ត​​ចូលក្រុង​ខុសម៉ោង ត្រូវ​ប៉ូលិសជិះ​ដេញ​ចាប់ ​វាយ​តៃកុង​បែកក្បាល ដេរអស់​៦​ថ្នេរ​ នៅខណ្ឌឫស្សីកែវ រួចបញ្ជូនរថយន្តទៅក្រុង

ចែករំលែក៖

ភ្នំពេញ​៖​ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់​ជាតៃកុង​រថយន្ត​ស្ទូច​ធុនធំ​មួយ​គ្រឿង ត្រូវបានប៉ូលិសវាយ​ឲ្យ​រងរបួស​បែក​ក្បាល​ដេរ​អស់​៦ថ្នេរ​ ខណៈបើក​រថយន្ត​ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​មិន​ត្រឹម​ត្រូវ​តាម​ម៉ោង​កំណត់ ​ហើយ​ត្រូវអាជ្ញាធរ​មាន​សមត្ថកិច្ច​កាក់ឃាត់មិន​ឈប់ កាលពី​វេលាម៉ោង​៨ និង២០នាទី​យប់​ ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​ស្តុប​អតីតក​រង្វង់​មូល​កាំកូស៊ីធី​ តាមបណ្តោយផ្លូវ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​បុរស​ពីរ​នាក់​បើកបរ​រថយន្ត​ស្ទូចធុនធំ​មួយ​គ្រឿង​ម៉ាក​ ឌីវ៉ូរ​ ពណ៌​ស​ ជាប្រភេទ​រថយន្ត​ប្រាំ​ភ្លៅ​របស់​ក្រុមហ៊ុន​សេងទ្រី​ គ្មានស្លាកលេខ​ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ ក្នុងទិសមកពី​ហ្គេនភ្នំពេញ​ឆ្ពោះ​មក​អតីត​​រង្វង់​មូល​កាំខូស៊ីតធី​ រួម​ទាំង​មាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោកបាន​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​ ដេញ​តាម​ពីក្រោយ​រថយន្ត​ស្ទូច​ខាងលើ​ផងដែរ​ ។ លុះមក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​ស្ទូច​ខាងលើ​ក៏​បាន​ឈប់​ស្តុប​ ខណៈ​​នោះ​ក៏​ស្រាប់តែ​សមត្ថកិច្ច​ចរាចរណ៍​​បាន​ជិះ​ម៉ូតូ​មក​កាក់​ចំពីមុខរថយន្ត​ ហើយ​បាន​ដកកាំភ្លើង​ភ្ជង់​គំរាម​តៃ​កុង​រថយន្ត​ខាងលើ​ឲ្យចុះមក​ខាង​ក្រោម​ ។

បន្ទាប់​មក​តៃកុង​រថយន្ត​នោះ​ក៏បាន​ចុះមកពី​លើ​រថយន្ត​រួចក៏​ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក ​ដែល​ជិះដេញតាម​ បាន​ចាប់​គ្រាក់​តៃកុង​រថយន្ត​ជាប់​ ហើយ​​មន្ត្រី​​មួយ​រូប​ទៀត ​ដែល​ជិះដេញ​មក​ជាមួយ​ ក៏​បានយក​កាំភ្លើង​វាយ​ទៅ​លើ​ក្បាល​តៃកុង​រថយន្ត​ស្ទូច​ខាងលើ​បណ្ដាល​ឲ្យ​រយះ​ឈាម​ហូរ​ស្រោច​ខ្លួន​ បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ និង​រស់នៅ​ជុំវិញកន្លែងកើត​នាំ​គ្នា​ចោមរោម​មើល​ ។

បន្ទាប់មក​ក៏​មានកម្លាំងសមត្ថកិច្ច​អន្តរាគមន៍​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជាច្រើន​រូបបាន​ចុះមក​ដល់​កន្លែង​កើតហេតុ​ ហើយ​ក៏បាន​បញ្ជូន​តៃកុង​រថយន្ត​ទៅ​គ្លីនិក​ឯកជន​ សម្ភព​ពន្លឺ​ ដែល​នៅក្បែរ​នោះ​ដើម្បី​​ព្យាបាល​ ។ ​ ដោយ​ឡែក​មន្ត្រី​ដែល​ប្រើប្រាស់​ អំពើហិង្សា​ទៅ​តៃកុង​រថយន្ត​បណ្ដាល​ឲ្យ​រង​របួស​ បាន​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​ភ្លាមៗ​បន្ទាប់​ពី​មាន​​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ។

ក្រោយ​ពេលកើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​បាន​ចុះមក​​យក​ស្ទូច​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​មិន​បាន​បញ្ជាក់​ថា ​រថយន្ត​នោះ​មាន​កំហុស​អ្វី​នោះទេ ​៕ ភារ៉ា ដង្កោ


ចែករំលែក៖