ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ជាតៃកុងរថយន្តស្ទូចធុនធំមួយគ្រឿង ត្រូវបានប៉ូលិសវាយឲ្យរងរបួសបែកក្បាលដេរអស់៦ថ្នេរ ខណៈបើករថយន្តចូលមកក្នុងរាជធានីភ្នំពេញមិនត្រឹមត្រូវតាមម៉ោងកំណត់ ហើយត្រូវអាជ្ញាធរមានសមត្ថកិច្ចកាក់ឃាត់មិនឈប់ កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបអតីតករង្វង់មូលកាំកូស៊ីធី តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសពីរនាក់បើកបររថយន្តស្ទូចធុនធំមួយគ្រឿងម៉ាក ឌីវ៉ូរ ពណ៌ស ជាប្រភេទរថយន្តប្រាំភ្លៅរបស់ក្រុមហ៊ុនសេងទ្រី គ្មានស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសមកពីហ្គេនភ្នំពេញឆ្ពោះមកអតីតរង្វង់មូលកាំខូស៊ីតធី រួមទាំងមានសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ដេញតាមពីក្រោយរថយន្តស្ទូចខាងលើផងដែរ ។ លុះមកដល់ចំណុចកើតហេតុរថយន្តស្ទូចខាងលើក៏បានឈប់ស្តុប ខណៈនោះក៏ស្រាប់តែសមត្ថកិច្ចចរាចរណ៍បានជិះម៉ូតូមកកាក់ចំពីមុខរថយន្ត ហើយបានដកកាំភ្លើងភ្ជង់គំរាមតៃកុងរថយន្តខាងលើឲ្យចុះមកខាងក្រោម ។
បន្ទាប់មកតៃកុងរថយន្តនោះក៏បានចុះមកពីលើរថយន្តរួចក៏ត្រូវសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ដែលជិះដេញតាម បានចាប់គ្រាក់តៃកុងរថយន្តជាប់ ហើយមន្ត្រីមួយរូបទៀត ដែលជិះដេញមកជាមួយ ក៏បានយកកាំភ្លើងវាយទៅលើក្បាលតៃកុងរថយន្តស្ទូចខាងលើបណ្ដាលឲ្យរយះឈាមហូរស្រោចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងរស់នៅជុំវិញកន្លែងកើតនាំគ្នាចោមរោមមើល ។
បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចអន្តរាគមន៍របស់ស្នងការនគរបាលរាជធានីភ្នំពេញជាច្រើនរូបបានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានបញ្ជូនតៃកុងរថយន្តទៅគ្លីនិកឯកជន សម្ភពពន្លឺ ដែលនៅក្បែរនោះដើម្បីព្យាបាល ។ ដោយឡែកមន្ត្រីដែលប្រើប្រាស់ អំពើហិង្សាទៅតៃកុងរថយន្តបណ្ដាលឲ្យរងរបួស បានចាកចេញពីកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានចុះមកយកស្ទូចខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមិនបានបញ្ជាក់ថា រថយន្តនោះមានកំហុសអ្វីនោះទេ ៕ ភារ៉ា ដង្កោ