ខេត្តស្វាយរៀង៖ ស្ត្រីមេម៉ាយកូន៣នាក់ទីទាល់ក្រម្នាក់ បានដង្ហោយរកសប្បុរសជនឲ្យជួយ ខណៈដែលកូនស្រីពៅរបស់គាត់ បានរងរបួសមេដៃឆ្វេងដោយសារតែសត្វកណ្តុរខាំ ហើយកំពុងមានជំងឺក្តៅខ្លួន មិនបានទៅរៀនអស់រយៈពេលមួយសប្តាហ៍មកហើយ ។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះឈ្មោះ មាស ផល្លា អាយុ ៤២ឆ្នាំ មុខរបរដើរឈ្នួលលាងចាន សព្វថ្ងៃមានទីលំនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឲ្យដឹងថា កូនស្រីរបស់គាត់ ដែលត្រូវសត្វកណ្តុរខាំ ហើយរងរបួសគ្មានថ្នាំព្យាបាលនោះ ជាកូនពៅឈ្មោះ សៅ ស៊ីណាត មានអាយុ៧ឆ្នាំ សព្វថ្ងៃរៀននៅថ្នាក់ទី១ នៃសាលាបឋមសិក្សា ២ ធ្នូ។
ប្រភពខាងលើបានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ រូបគាត់ទាំង៤នាក់ម្តាយ និងកូន បានគេងក្នុងមុងជាមួយគ្នាតែចៃដន្យកូនស្រីរងគ្រោះ បានដាក់ដៃចេញក្រៅមុង ហើយក៏ត្រូវសត្វកណ្តុរខាំចំមេដៃខាងឆ្វេងតែម្តង បណ្តាលឲ្យរងរបួស ហើយក្រោយពីត្រូវសត្វកណ្តុរខាំបានមួយយប់កូនរបស់គាត់ ក៏កើតមានអការក្តៅខ្លួន រួចរូបគាត់ក៏បាននាំកូនទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យខេត្តបានរយៈពេល៣ថ្ងៃ ក៏សុំគ្រូពេទ្យត្រឡប់មកផ្ទះវិញ ដោយសារពេទ្យមិនមានថ្នាំសម្រាប់ព្យាបាលប្រភេទមុខរបួសខាងលើនោះទេ។
ស្ត្រីដដែលបានបន្តថា នៅពេល ដែលកូនគាត់សំរាកនៅមន្ទីរពេទ្យខេត្តស្វាយរៀងនោះ គ្រូពេទ្យបានឲ្យរូបគាត់នាំកូនទៅភ្នំពេញដើម្បីព្យាលបាល ពីព្រោះនៅមន្ទីរពេទ្យខេត្ត គ្មានថ្នាំវ៉ាក់សាំងសម្រាប់ចាក់ឲ្យទេ ។ ដោយសាររូបគាត់គ្មានមុខរបរអ្វីក្រៅពីដើរស៊ីឈ្នួលលាងចានឆ្នាំងឲ្យគេ ហើយកូនតូចៗនៅក្នុងបន្ទុករហូតដល់ទៅ៣នាក់ផង ទីទាល់ក្ររកតែអង្ករច្រកឆ្នាំងស្ទើរមិនបានផង គាត់ក៏សម្រេចចិត្តយកកូនមកផ្ទះដេកមើលតាមយថាកម្មតែម្តង ។ ឥឡូវរូបគាត់មានតែលើកម្រាមដៃ១០ប្រណមសុំដល់សប្បុរសជនទាំងទីជិតឆ្ងាយជួយគ្រួសារគាត់យកតែបុណ្យទៅចុះ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោកគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើ ពិតជាបានចូលមកសំរាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យខេត្តស្វាយរៀងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ប្រាកដមែន ហើយក៏បានសុំចេញទៅវិញផងដែរ ក្រោយពេល ដែលគ្រូពេទ្យបានលាងមុខរបួស និងចាក់ថ្នាំផ្សះរួមនឹងថ្នាំបញ្ចុះកំដៅ ខណៈនៅមន្ទីរពេទ្យខេត្តមិនមានវ៉ាក់សាំងសម្រាប់ចាក់ការពារសត្វខាំនោះទេ មានតែនៅភ្នំពេញ ៕ យឹម សុថាន