ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អំពាវនាវដល់ អាជ្ញាធរខណ្ឌឫស្សីកែវ និងសង្កាត់ទាំង៧ត្រូវបន្ដ យកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌឫស្សីកែវ បានអំពាវនាវដល់អាជ្ញាធរខណ្ឌឫស្សី កែវ និងសង្កាត់ទាំង៧ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរ និងព្យាយាមបំពេញតាមសេចក្តីត្រូវការរបស់ពួកគាត់នៅតាមមូលដ្ឋាននានា ទាំងសេវាចាំបាច់ និងសេវា សំណូមពរ ។ ការលើកឡើងនេះ ធ្វើឡើង ក្នុងឱកាសដែល លោកបានអញ្ជើញជាអធិបី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តសេចក្តី សម្រេចសន្និបាត គណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា លើកទី៤១ អាណត្តិទី០៥ របស់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៏ ១១កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅមណ្ឌលម៉ូឌែន៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បន្ទាប់ពីបានអានផែនការចាត់តាំងអនុវត្តសេចក្តី សម្រេចសន្និបាត គណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា លើកទី៤១ អាណត្តិទី៥ របស់រាជធានីភ្នំពេញ ដោយលោក ជា ពិសី ប្រធានគណ បក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ រួចមក លោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌក៏ បានលើកឡើងថា៖ ដើម្បីអោយ គណបក្សយើងកាន់តែទទួល បានជោគជ័យជាបន្តទៀត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ នេះស្របទៅ នឹងជ័យជំនះដ៏ធំធេង ដែលគណបក្សយើង បានទទួលរួចមកហើយ នូវការឈ្នះបានអាសនៈ ១២៥លើ ១២៥ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ដែលជោគជ័យនេះគឺមិនមែនកើឡើងដោយចៃដន្យនោះទេ តែវាបានកើតឡើងក្រោមស្នាដៃនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិក សមាជិការបស់បក្សទាំងអស់ ដែលបានសហការគ្នា និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អប្រសើរ ។

អាស្រ័យហេតុ នេះ សូមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្សទាំង៧សង្កាត់របស់ខណ្ឌឫស្សីកែវ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្សព្វផ្សាយខ្លឹមសារ និងអនុវត្តគោលនយោបាយនានារបស់បក្ស ដែលបានដាក់ចេញ នូវទិសដៅ ភារកិច្ចរួមជាយុទ្ធសាស្រ្ត និងទិសដៅភារកិច្ចឆ្នាំ២០១៩ និងយុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនៃកិច្ចប្រជុំផ្សព្វផ្សាយផែនការនេះដែរ ក៏មាន ការបង្ហាញខ្លួន របស់សមាសភាពបេក្ខជនក្រុមប្រឹក្សាខណ្ឌ ឫស្សីកែវ ក្នុងនោះបេក្ខជន ពេញសិទ្ធិមានចំនួន ២១រូប ស្រី៣ រូប និងបេក្ខជនបម្រុង ២១រូប ស្រី៥រូបផងដែរ ៕ សំរិត


ចែករំលែក៖