ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញបុរសលក់សាច់ឆ្កែស្លាប់ ក្នុងស្រះទឹក មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលមានមុខរបរដើរលក់សាច់ឆ្កែ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទឹកស្រះ និងមានស្លាកស្នាមបន្តិចបន្តួចនៅលើផ្ទៃមុខ ។ សមត្ថកិច្ចមិនទាន់អះអាងថា យ៉ាងណានោះឡើយ ដោយកំពុងស្រាវជ្រាវ ។

ការភ្ញាក់ផ្អើលនេះ គឺនៅវេលាម៉ោងប្រមាណ ១២ និង ៣០ នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩ ត្រង់ចំណុចស្រះទឹកមួយកន្លែង ដែលមានថ្មរដិបរដុប ស្ថិតក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ដោយសារតែមានមនុស្សស្លាប់នៅទីនោះ ជនរងគ្រោះត្រូវបានគេស្គាល់គឺមានឈ្មោះ សំ ម៉ៅ ភេទប្រុស អាយុ ៤៩ ឆ្នាំរស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង និងមានមុខរបរដើរលក់សាច់ឆ្កែ នៅតាមភូមិ ហើយគេក៏ជាមនុស្សស្រវឹងខួប និងតែងតែរករឿងប្រពន្ធជាញឹកញាប់នៅពេល ដែលស្រវឹងម្តងៗ ។

នៅលើរាងកាយសព សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មានស្លាកស្នាមមួយចំនួនដោយសារតែការដាច់រលាត់ព្រមទាំងមានក្រណាត់ក្រមាមួយចម្រៀកមករុំកផងដែរ ដោយបច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានចុះទៅសហការដើម្បីស្រាវជ្រាវរកមូលហេតុឲ្យ ឃើញដោយលោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោក អ៊ួន ហ្វៃមិនទាន់ហ៊ានសន្និដ្ឋានថា យ៉ាងណានោះឡើយ ដោយលោកសុំពេលស្រាវជ្រាវស៊ើបអង្កេត ៕ សំ វិច្ឆិកា


ចែករំលែក៖