ភ្នំពេញ៖ ស្របពេលដែលសង្គមបច្ចុប្បន្នបានវិវឌ្ឍន៍កាន់តែជឿនលឿន មនុស្សស្វែងរកការកម្សាន្តសប្បាយថ្មីប្លែក នាំឲ្យផ្នត់គំនិតក្នុងការកម្សាន្តតាមបែបប្រពៃណីមានការប្រែប្រួលផងដែរ ។ ល្ខោនបាសាក់ដែល គេដឹងថា ជាទស្សនីយភាពសិល្បៈបុរាណ កំពុងប្រឹងប្រែងត្រដរស្វែងរកការគាំទ្រ ពីមហាជន ដើម្បីបន្តជីវិតសិល្បៈទម្រង់មួយនេះឲ្យរស់រានមានជីវិត។
លោក ចាន់ ផល ដែលគេស្គាល់ថាជាតួអង្គស្តេចល្ខោនបាសាក់ដ៏ល្បីល្បាញនៅកម្ពុជា បានស្នើឲ្យគ្រប់វង់ល្ខោនទាំងអស់ព្យាយាមរក្សានូវអត្តសញ្ញាណសិល្បៈបែបខ្មែរ ពង្រឹងសមត្ថភាពយុវជនបន្តវេនជំនាន់ក្រោយ និងអភិវឌ្ឍន៍ទេពកោសល្យ ជំនាញ សមត្ថភាព បច្ចេកទេសឲ្យកាន់តែល្អជាងមុនដើម្បីទាក់ទាញបានការចាប់អារម្មណ៍ពីទស្សនិកជន។ លោក ចាន់ ផន ដែល ជាអតីតប្រធានការិយាល័យសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងជាអ្នកស្រាវជ្រាវនិពន្ធរៀបរៀងរឿង និងជាអ្នកដឹកនាំរឿងផងដែរនោះបានបញ្ជាក់ថា លោកចង់ឲ្យក្រុមវង់ល្ខោនទាំងអស់នៅគ្រប់ទិសទីពង្រឹងសមត្ថភាព ពង្រីកប្រជាប្រិយភាព និងប្រកួតប្រជែងគ្នា សាមគ្គីគ្នាដោយការខិតខំដើម្បីទាក់ទាញមហាជនឲ្យងាកមកចាប់អារម្មណ៍ និងបន្តគាំទ្រស្នាដៃសិល្បៈខ្មែរមួយនេះ។ ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីទម្រង់សិល្បៈមួយនេះហាក់បាត់បង់ទម្រង់ដើមច្រើន និងមានការប្រើប្រាស់ឈ្មោះវង់ល្ខោនជាន់គ្នានាំឲ្យមានការយល់ច្រឡំពីសំណាក់មហាជន។ លោកថាឈ្មោះវង់ល្ខោននឹងល្បីទៅបានដោយសារការខិតខំប្រឹងប្រែងរៀងៗខ្លួន និងមិនគិតតែប្រយោជន៍ស្វែងរកប្រាក់ចំណូលតែមួយមុខទេ គឺរួមគ្នាលើកតម្កើងថែរក្សា ការពារ អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ។
ស្ថិតក្នុងវ័យ៦៦ ឆ្នាំ លោក ចាន់ ផល នៅតែបន្តគ្រប់គ្រងវង់ល្ខោនបាសាក់រាជធានីភ្នំពេញដដែល បើទោះបីជាលោកបានចូលនិវត្តន៍ពីការងារមន្ត្រីរាជការទៅហើយក្តី។ លោកថាក្រុមល្ខោនបាសាក់មួយនេះនៅតែជាទីពេញនិយមពីសំណាក់ប្រជាជនខ្មែរនៅទីជិតទីឆ្ងាយ ក៏ព្រោះតែការខិតខំព្យាយាម ពង្រឹងសមត្ថភាព ចំណេះជំនាញ ហើយក៏សង្ឃឹមដែរថាវង់ភ្លេងទាំងទទួលបានការពេញនិយម និងទើបនឹងបង្កើតថ្មីនានា នឹងបន្តព្យាយាមអស់ពីសមត្ថភាពលើកមុខមាត់សិល្បៈទម្រង់មួយនេះឲ្យបានកាន់តែល្អប្រសើរ។ សិល្បករដែលគ្រងតំណែងតួអង្គស្តេចប្រមាណ៣០ឆ្នាំមកហើយនេះ នៅតែបន្តចិញ្ចឹមចិត្តបន្តផ្ទេរចំណេះដឹងដែលលោកមានទៅឲ្យពន្លកសិល្បករជំនាន់ក្រោយ បើទោះបីជាលោកមិនមានកូននឹងស្នងរាជក៏ដោយ។ លោកថាបើមាននិស្ស័យចង់រៀនសំដែងល្ខោនបាសាក់ សូមទាក់ទងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញនោះលោកនឹងបង្ហាត់ដោយមិនគិតថ្លៃកំលាំងពលកម្មបង្ហាត់ទេ សំខាន់ឱ្យតែខិតខំប្រឹងប្រែងហ្វឹកហាត់រៀន ។
លោកចាន់ ផល បន្ដថា កន្លងមកក្រុមសិល្បៈ ល្ខោនបាសាក់រាជធានីភ្នំពេញ ក៏ដូចជាសិល្បៈល្ខោនបាសាក់ខេត្ដ-ក្រុងនានាដែរ ត្រូវបាន រាជរដ្ឋាភិបាលយកចិត្ដទុកដាក់បំផុត និងជួយគាំទ្រយ៉ាងខ្លាំង ជាពិសេសនោះក្រុមសិល្បៈល្ខោនរាជធានីភ្នំពេញត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន
យកចិត្ដ ទុកដាក់ជួយឧបត្ថម្ភគាំទ្រ ។ ដូច្នេះលោក និងក្រុមសិល្បករទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅមិនអាចបំភ្លេចបានឡើយ ។ មួយវិញទៀត លោកថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រវិស័យសិល្បៈល្ខោនបាសាក់ឱ្យនៅគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះនៅទូទាំងប្រទេសក្រុមសិល្បៈល្ខោនបាសាក់មិនសូវជាមានច្រើនប៉ុន្មានទេ ។ ទោះជាយ៉ាងណាក្ដី នៅខេត្ដតាកែវ ក្នុងស្រុកបាទី គឺជាជង្រុកសិល្បៈ ល្ខោនបាសាក់ ដោយមានក្រុមសិល្បៈប្រភេទ នេះជាច្រើន ហើយទទួលបានការគាំទ្រ និងមានឈ្មោះបោះសំលេងខ្លាំង ។ កន្លងមក សិល្បករ-សិល្បការិនីល្ខោនបាសាក់មានប្រភពចេញមកពីខេត្ដតាកែវមានប្រជាប្រិយភាពនោះដូចជាលោកកែវ យិតយ៉ាង អ្នកស្រី ប៉ក់ សំអុល និងលោកចាន់ អេង ជាដើម ៕ វឌ្ឍនា