ព័ត៌មានទាន់ហេតុការណ៍៖

រចនា រ៉ាវឌី ថារសជាតិសម្តែងតួស្លូតក្នុងរឿង មិត្តឫស្យា មិនធម្មតា

ចែករំលែក៖

ភ្នំពេញ៖ តួឯកស្រីក្នុងភាពយន្តភាគ ថ្មីរឿង មិត្តឫស្យា របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥គឺកញ្ញា រចនា រ៉ាវឌី បានផ្លាស់ប្តូររសជាតិសម្តែងជាថ្មី ពីតួចរិកកាចឆ្នាសឆ្នើមមកជាតួអង្គស្លូតបូតគួរឲ្យអាណិត ។

តារាស្រីវ័យក្មេងកំពុងលេចធ្លោ រូបនេះហាក់មានជំនឿជាក់ខ្ពស់ លើការសម្តែងរឿងថ្មីរបស់ខ្លួនថា នឹងអាចជួយឲ្យនាង កាន់តែល្បីឈ្មោះតាមរយៈសាច់ រឿងដ៏ទាក់ទាញ គុណភាពភាពយន្ត និងប្រមូលផ្តុំសម្តែងដោយ តារាប្រុសស្រីល្បីឈ្មោះជាច្រើន ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើង កាលពីរាត្រីថ្ងៃទី១៦ មីនា ក្នុងឱកាសជួបជុំជប់លៀង បញ្ចប់ការផលិត ដែលចូលរួមដោយផលិតករ ក្រុមការងារ និងសិល្បករក្នុងរឿងខាងលើ ។

កញ្ញា រចនា រ៉ាវឌី បញ្ជាក់ថា ជារសជាតិថ្មីមួយទៀតសម្រាប់ អាជីពស្តែងរបស់នាងគឺតួអង្គស្លូត ស្លូតយកតែមែនទែន រហូតមិត្តភ័ក្កិកៀកកិតជិតខ្លួន ឆក់យកប្តីខ្លួនឯងបាត់ ។ នាងថា បើទោះបីជាកន្លងទៅនាង ធ្លាប់ទទួលបានការគាំទ្រខ្លាំងនឹងការសម្តែង តួអង្គបែបកាចឆ្នាសឆ្នើម ប៉ុន្តែងាកមករឿងនេះសាច់រឿង មិនធម្មតាដែរ ហើយនាងហាក់មានទំនុកចិត្ត ច្រើនសម្រាប់ការសម្តែង ។

នាងទទួលស្គាល់ថា ការសម្តែងបែបកាចគឺមានភាពងាយស្រួលជាង ប៉ុន្តែក្នុងនាមជាតារាសម្តែង ក៏មិនអាចជំនាញតែការសម្តែង អត្តចរិកតួអង្គតែមួយមុខទេ ។ កាន់តែស៊ីចង្វាក់គ្នាគឺក្រោយ ពីជួបជាមួយដៃគូសម្តែង ដែលធ្វើឲ្យនាងពេញចិត្តកាន់ តែខ្លាំងគឺមានដូចជាកញ្ញា យ៉ែម ស្រីពេជ្រ លោក មុំ សុធារ៉ា លោក សុធាពិសិដ្ឋ និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀតនៅក្នុងភាពយន្តនេះ ។

ផលិតករ និងជាអ្នកដឹកនាំភាពយន្ត រឿង មិត្តប្ញស្យា លោក បានកោតសរសើរអំពីសមត្ថភាព របស់តារាសម្តែងប្រុសស្រីកម្ពុជាថា មានសមត្ថភាពសម្តែងបានល្អ បើទោះបីជាពួកគេរវល់នឹងការងារជាច្រើនក្តី ។

លោកបញ្ជាក់ថា ជាភាពយន្តដែលមានខ្លឹមសារ អប់រំល្អ ឆ្លុះបញ្ចាំងអំពីបុណ្យ បាប កម្មពា អំពីជីវិតរស់នៅក្នុងសង្គមបច្ចុប្បន្ន រួមទាំង ឈុតឆាកច្រណែនឈ្នានីសកាន់តែធ្វើឲ្យភាពយន្តនេះកាន់តែមានរសជាតិសម្បូរបែប ។

លោករំពឹងថា ភាពយន្តភាគខ្មែរ ទី១៩ ដែលទើបនឹងបញ្ចប់ការផលិត នេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខ ៕ វឌ្ឍនា


ចែករំលែក៖