ព័ត៌មានទាន់ហេតុការណ៍៖

បូមស្រះចាប់ត្រីប្រទះសពបុរសម្នាក់ ដែលសល់តែគ្រោងឆ្អឹង នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិខណៈដែលបូមស្រះទឹកដើម្បីចាប់ត្រី ប្រទះឃើញសពរលួយជ្រុះសាច់ សល់តែគ្រោងឆ្អឹងដែលមានកំប្លោកដុះពេញខាងក្រោយផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៨ជាង ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅក្នុងស្រះកំប្លោកខាងក្រោយផ្ទះប្រហែល១០ម៉ែត្រ ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមប្អូនស្រី និងម្តាយបង្កើតរបស់ជនរងគ្រោះបានប្រាប់ ឲ្យដឹងថា សាកសពដែលប្រទះឃើញសល់តែគ្រោងឆ្អឹងនោះមានឈ្មោះ មាស សាខន ហៅប្រុញ អាយុ ៤៧ឆ្នាំ មុខរបរធ្វើសំណង់ជាបុរសពោះម៉ាយ មានកូនចំនួន៣នាក់ ដែលបានលែងលះគ្នាជាមួយប្រពន្ធ៣ទៅ៤ឆ្នាំមកហើយ ដោយជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រា គឺស្រវឹងខួបរាល់ថ្ងៃតែម្តង ទើបប្រពន្ធគេលែងចោល ។

ប្រភពបានបន្តទៀតថា ដើមទងនៃការប្រទះឃើញសាកសពរលួយសល់តែគ្រោងឆ្អឹងនេះ គឺបងប្អូនជនរងគ្រោះបានអះអាងថាជាបងបង្កើតរបស់គាត់ ដែលបានបាត់ខ្លួនពីចាប់តាំងពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩មកម៉្លេះ មិនដឹងថាទៅណានោះទេហើយបងប្អូនសាច់ញាតិក៏បានដើររកប្តឹងអាជ្ញាធរដែនដីឲ្យជួយរកផងដែរតែរកមិនឃើញសោះ ។

ប្រភពបានបញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ខណៈដែលបូមស្រះទឹកដើម្បីចាប់ត្រីនោះ ក៏ប្រទះឃើញសាកសពជ្រុះសាច់អស់សល់តែគ្រោងឆ្អឹងមានស្លៀកខោខ្លីពណ៌ខ្មៅ មានចងក្រម៉ានៅចង្កេះ អត់មានពាក់អាវនោះ ដែលក្រុមគ្រួសារអះអាងស្គាល់ថា ជាបងបង្កើតដែលបានបាត់ខ្លួននោះទើបរាយការណ៍មកសមត្ថកិច្ចដើម្បីចុះមកពិនិត្យមើល និងយោងតាមសាច់ញាតិក៏ដូចជាសមត្ថកិច្ចថា ជនរងគ្រោះអាចស្រវឹងស្រារអិលជើងធ្លាក់ស្រះទឹកដោយគ្មានអ្នកដឹងព្រោះសាកសពជាមនុស្សស្រវឹងខួប ៕ យឹម សុថាន


ចែករំលែក៖