ព័ត៌មានទាន់ហេតុការណ៍៖

តួអង្គស្តេចល្ខោនបាសាក់ ចាន់ ផល ស្នើឲ្យក្រុមវង់ភ្លេងល្ខោនបាសាក់ពង្រឹងសមត្ថភាព កសាងកេរឈ្មោះរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលសង្គមបច្ចុប្បន្នបានវិវឌ្ឍន៍កាន់តែជឿនលឿន មនុស្សស្វែងរកការកម្សាន្តសប្បាយថ្មីប្លែក នាំឲ្យផ្នត់គំនិតក្នុងការកម្សាន្តតាមបែបប្រពៃណីមានការប្រែប្រួលផងដែរ ។ ល្ខោនបាសាក់ដែល គេដឹងថា ជាទស្សនីយភាពសិល្បៈបុរាណ កំពុងប្រឹងប្រែងត្រដរស្វែងរកការគាំទ្រ ពីមហាជន ដើម្បីបន្តជីវិតសិល្បៈទម្រង់មួយនេះឲ្យរស់រានមានជីវិត។

លោក ចាន់ ផល ដែលគេស្គាល់ថាជាតួអង្គស្តេចល្ខោនបាសាក់ដ៏ល្បីល្បាញនៅកម្ពុជា បានស្នើឲ្យគ្រប់វង់ល្ខោនទាំងអស់ព្យាយាមរក្សានូវអត្តសញ្ញាណសិល្បៈបែបខ្មែរ ពង្រឹងសមត្ថភាពយុវជនបន្តវេនជំនាន់ក្រោយ និងអភិវឌ្ឍន៍ទេពកោសល្យ ជំនាញ សមត្ថភាព បច្ចេកទេសឲ្យកាន់តែល្អជាងមុនដើម្បីទាក់ទាញបានការចាប់អារម្មណ៍ពីទស្សនិកជន។ លោក ចាន់ ផន ដែល ជាអតីតប្រធានការិយាល័យសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងជាអ្នកស្រាវជ្រាវនិពន្ធរៀបរៀងរឿង និងជាអ្នកដឹកនាំរឿងផងដែរនោះបានបញ្ជាក់ថា លោកចង់ឲ្យក្រុមវង់ល្ខោនទាំងអស់នៅគ្រប់ទិសទីពង្រឹងសមត្ថភាព ពង្រីកប្រជាប្រិយភាព និងប្រកួតប្រជែងគ្នា សាមគ្គីគ្នាដោយការខិតខំដើម្បីទាក់ទាញមហាជនឲ្យងាកមកចាប់អារម្មណ៍ និងបន្តគាំទ្រស្នាដៃសិល្បៈខ្មែរមួយនេះ។ ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីទម្រង់សិល្បៈមួយនេះហាក់បាត់បង់ទម្រង់ដើមច្រើន និងមានការប្រើប្រាស់ឈ្មោះវង់ល្ខោនជាន់គ្នានាំឲ្យមានការយល់ច្រឡំពីសំណាក់មហាជន។ លោកថាឈ្មោះវង់ល្ខោននឹងល្បីទៅបានដោយសារការខិតខំប្រឹងប្រែងរៀងៗខ្លួន និងមិនគិតតែប្រយោជន៍ស្វែងរកប្រាក់ចំណូលតែមួយមុខទេ គឺរួមគ្នាលើកតម្កើងថែរក្សា ការពារ អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ។

ស្ថិតក្នុងវ័យ៦៦ ឆ្នាំ លោក ចាន់ ផល នៅតែបន្តគ្រប់គ្រងវង់ល្ខោនបាសាក់រាជធានីភ្នំពេញដដែល បើទោះបីជាលោកបានចូលនិវត្តន៍ពីការងារមន្ត្រីរាជការទៅហើយក្តី។ លោកថាក្រុមល្ខោនបាសាក់មួយនេះនៅតែជាទីពេញនិយមពីសំណាក់ប្រជាជនខ្មែរនៅទីជិតទីឆ្ងាយ ក៏ព្រោះតែការខិតខំព្យាយាម ពង្រឹងសមត្ថភាព ចំណេះជំនាញ ហើយក៏សង្ឃឹមដែរថាវង់ភ្លេងទាំងទទួលបានការពេញនិយម និងទើបនឹងបង្កើតថ្មីនានា នឹងបន្តព្យាយាមអស់ពីសមត្ថភាពលើកមុខមាត់សិល្បៈទម្រង់មួយនេះឲ្យបានកាន់តែល្អប្រសើរ។ សិល្បករដែលគ្រងតំណែងតួអង្គស្តេចប្រមាណ៣០ឆ្នាំមកហើយនេះ នៅតែបន្តចិញ្ចឹមចិត្តបន្តផ្ទេរចំណេះដឹងដែលលោកមានទៅឲ្យពន្លកសិល្បករជំនាន់ក្រោយ បើទោះបីជាលោកមិនមានកូននឹងស្នងរាជក៏ដោយ។ លោកថា​បើ​មាននិស្ស័យ​ចង់​រៀន​សំដែង​ល្ខោនបាសាក់ សូមទាក់ទង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​នោះ​លោក​នឹង​បង្ហាត់​ដោយ​មិនគិតថ្លៃ​កំលាំង​ពលកម្ម​បង្ហាត់​ទេ សំខាន់​ឱ្យតែ​ខិតខំ​ប្រឹងប្រែង​ហ្វឹក​ហាត់រៀន ។

លោក​ចាន់ ផល បន្ដ​ថា កន្លងមកក្រុម​សិល្បៈ ល្ខោនបាសាក់​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​សិល្បៈល្ខោនបាសាក់​ខេត្ដ​-​ក្រុង​នានា​ដែរ ត្រូវ​បាន រាជរដ្ឋាភិបាល​យកចិត្ដទុកដាក់​បំផុត និងជួយ​គាំទ្រ​យ៉ាង​ខ្លាំង ជា​ពិសេស​នោះ​ក្រុមសិល្បៈ​ល្ខោន​រាជធានី​ភ្នំពេញ​ត្រូវ​បាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន

យកចិត្ដ ទុកដាក់​ជួយ​ឧបត្ថម្ភ​គាំទ្រ ។ ដូច្នេះ​លោក និង​ក្រុម​សិល្បករ​ទាំងអស់សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​មិន​អាច​បំភ្លេច​បានឡើយ ។ មួយវិញទៀត លោក​ថ្លែង​អំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដែលបាន​គាំទ្រ​វិស័យ​សិល្បៈ​ល្ខោនបាសាក់​ឱ្យ​នៅគង់វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន​នេះនៅ​ទូ​ទាំង​ប្រទេស​ក្រុមសិល្បៈ​ល្ខោនបាសាក់​មិនសូវ​ជា​មាន​ច្រើនប៉ុន្មាន​ទេ ។ ទោះជា​យ៉ាងណា​ក្ដី នៅ​ខេត្ដតាកែវ ក្នុងស្រុក​បាទី គឺជា​ជង្រុក​សិល្បៈ ល្ខោនបាសាក់ ដោយ​មាន​ក្រុម​សិល្បៈ​ប្រភេទ នេះ​ជា​ច្រើន ហើយ​ទទួល​បានការ​គាំទ្រ និងមានឈ្មោះ​បោះ​សំលេង​ខ្លាំង ។ កន្លង​មក សិល្បករ​-​សិល្ប​ការិនី​ល្ខោនបាសាក់​មានប្រភព​ចេញ​មក​ពី​ខេត្ដតាកែវ​មាន​ប្រជាប្រិយភាព​នោះ​ដូច​ជា​លោក​កែវ យិ​ត​យ៉ាង អ្នកស្រី ប៉ក់ សំ​អុល និង​លោក​ចាន់ អេ​ង ជាដើម ៕ វឌ្ឍនា


ចែករំលែក៖