ការកោះហៅមន្ត្រីស្ថានទូត នៅក្រៅប្រទេសដើម្បី ផ្តល់គោលនយោបាយថ្មី ស្តីពីកម្មវិធីបរមាណូ ក្រោយកិច្ចប្រជុំលើកទីពីរជាមួយអាមេរិក មិនបានសម្រេច ។ នៅពេលនេះ មេដឹកនាំកូរ៉េខាងជើង បានកោះហៅ មន្ត្រីស្ថានទូត វិលត្រឡប់មកប្រទេសវិញ ដើម្បីត្រួតពិនិត្យឡើងវិញ គោលនយោបាយបរមាណូ ក្រោយបន្ទាប់ពីកិច្ចប្រជុំ រវាងប្រធានាធិបតីដូណាល់ ត្រាំ នឹងគីម ជុងអ៊ុន កាលពីខែមុន ។
សារព័ត៌មាន Yonhap News បានផ្សាយថា កាលពីរសៀលថ្ងៃទី១៩ ខែមីនា អគ្គរដ្ឋទូត កូរ៉េខាងជើងប្រចាំនៅប្រទេសចិនលោក Ji Jae Ryong អគ្គរដ្ឋទូតប្រចាំនៅប្រទេសរុស្ស៊ី Kim Hyong Jun អគ្ករដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក Kum Song នឹងមន្ត្រីការបរទេស ១០រូបផ្សេងទៀត បានទៅដល់ទីក្រុងព្យុងយ៉ាងតាម ជើងហោះហើរ Air Koryo ពីទីក្រុងប៉េកាំងទៅកាន់ព្យុងយ៉ាង។
ក្រុមអ្នកឯកទេស វិភាគបានលើកឡើងថា ការកោះហៅមន្ត្រីការទូតនៅក្រៅប្រទេស គឺដើម្បីចូលរួមកិច្ចប្រជុំសភាអាណត្តិថ្មី និងពិភាក្សាលើគោលនយោបាយបរមាណូជាថ្មី ក្រោយកិច្ចប្រជុំជាមួយអាមេរិក ។
មន្ត្រីទូតជាន់ខ្ពស់ទាំង២នេះ បានដើរតួយ៉ាងសំខាន់ នៅក្នុងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន ហើយ បើតាម KBS ការកោះហៅអ្នកទាំង២ទៀតសោត គឺធ្វើឡើងដើម្បីពិភាក្សាពីវិធានការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ក៏ដូចជាថា តើទីក្រុងព្យុងយ៉ាងត្រូវបោះជំហានទៅមុខយ៉ាងដូចម្ដេច ក្រោយកិច្ចប្រជុំកំពូលរវាងលោក ត្រាំ នឹងលោក គីម បរាជ័យ នៅវៀតណាមកាលពីចុងខែកុម្ភៈ កន្លងទៅ ។
គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថាកំពុងធ្វើសកម្មភាព ពាក់ព័ន្ធនឹងមីស៊ីលឡើងវិញ ហើយមិនតែប៉ុណ្ណោះសូម្បីតែអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ក៏ធ្លាប់បានព្រមានកាលពីប៉ុន្មានថ្ងៃ មុននេះដែរថា នឹងពិចារណាឡើងវិញ លើការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ បើសិនជាសហរដ្ឋអាមេរិកមិនព្រមផ្ដល់ សម្បទានណាមួយ ជាពិសេសគឺការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទេនោះ។
តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅតែមានសុទិដ្ឋិនិយមដដែលលើកិច្ចចរចានុយក្លេអ៊ែរ រវាងប្រទេសទាំង២ ជាមួយការរំពឹងថា លោក គីម ជុងអ៊ុន នឹងគោរពតាមពាក្យសន្យាជាមួយលោក ត្រាំ ដោយនឹងមិនធ្វើតេស្ដ មីស៊ីល ឬអាវុធនុយក្លេអ៊ែរឡើងវិញឡើយ ៕