ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ខ្យល់គរដួលស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ខ្យល់គរដួលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង១៥នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមាត់បឹងតាពីស្ថិតនៅភូមិសាស្រ្ត ឃុំចំណាក្រោមស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ លីវ ញឹម ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមការបំភ្លឺពីឈ្មោះ ញឹម យ៉ត ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាកូនបង្កើតរបសសព បានបញ្ជាក់ថា៖ ឪពុកគាត់ឈ្មោះ លីវ ញឹម បានផឹក ស្រាស្រវឹងជាប្រចាំ លុះដល់ម៉ោងប្រហែលម៉ោង 10ព្រឹក ថ្ងៃទី20 ខែមីនា ឆ្នាំ 2019 ឪពុកគាត់ផឹកស្រាស្រវឹងយ៉ាងខ្លាំង បន្ទាប់មក នៅម៉ោងប្រហែល ២និង១០នាទី ឪពុកគាត់បានដើរ ចេញពីរោង សំដៅទៅរោងឈ្មោះ សី ដើម្បីរកទិញស្រាផឹកទៀត តែដោយសារគាត់ស្រវឹងពេក គេអត់លក់ឲ្យទេ ក៏ដើរត្រឡប់មកវិញ។ នៅម៉ោងប្រហែល៣និង១០នាទី ឈ្មោះ ហុក និងឈ្មោះហ៊ីម បានជិះម៉ូតូមកប្រាប់គាត់ថា៖ ឃើញឪពុកគាត់ដេកនៅតាមផ្លូវ ភ្លាមនោះ គាត់បានទៅមើលឃើញឪពុកដេក ផ្កាប់មុខស្លាប់ក្បែរព្រៃបាត់ទៅហើយដែលមានចម្ងាយប្រហែល30ម៉ែត្រ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ ពិនិត្យកោសល្យលើសព ។ សពត្រូវបានកូនឌុបតាមម៉ូតូយកមកផ្ទះនៅភូមិស្ពានគ្រង ។ សពមានស្នាមរបកស្បែកនៅលើខ្នង និងនៅលើភ្លៅខាងឆ្វេងដោយ សារត្រូវកំដៅថ្ងៃពេលដឹកតាមម៉ូតូ ក្រៅពីនេះ ពំុមានស្លាកស្នាមអ្វីពាក់ព័ន្ធផ្សេងៗឡើយ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចថា ការស្លាប់នេះ បណ្តាលមកពីផឹកស្រាច្រើន អត់ហូបបាយ កើតរោគខ្យល់គរ គាំងបេះដូងស្លាប់ ។ សព ប្រគល់ឲ្យ ឈ្មោះញឹម យ៉ត ភេទប្រុស អាយុ41ឆ្នាំ ត្រូវជាកូនបង្កើត ធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖