ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបអត់ពន្ធ ១៣គ្រឿង ត្រូវបានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ចាប់ ក្នុងត្រីមាសទី១ឆ្នាំ២០១៩

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានបើកសន្និសីទកាសែតបង្ហាញរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ អត់បង់ពន្ធចំនួន ១៣គ្រឿងទៀត ដែលធ្វើចរាចរណ៍ តាមផ្លូវសាធារណៈក្នុងខេត្តព្រះសីហនុត្រូវបានបង្ក្រាប ក្នុងត្រីមាសទី១ឆ្នាំ២០១៩។

ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ លោក ទុំ ណូ បានបញ្ជាក់ឲ្យដឹងថា ៖ នៅត្រីមាសទី១ឆ្នាំ២០១៩នេះ មន្ត្រីជំនាញរបស់លោក បានសហការជាមួយសមត្ថកិច្ចស្ថាប័នជំនាញមួយចំនួនទៀត បានចុះស្រាវជ្រាវ និងចាប់រថយន្តចំនួន ១៣គ្រឿង ដែលម្ចាស់រថយន្តទាំងនោះ មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធនាំចូលឲ្យស្របតាមច្បាប់។

គិតចាប់ពីចុងឆ្នាំ២០១៨ មកដល់ខែមីនា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ បានចាប់ឃាត់រថយន្តសេរីទំនើបៗទាំងចង្កូតឆ្វេង និងចង្កូតស្តាំងមានចំនួនសរុប២៧គ្រឿង។ នេះបើតាមការបញ្ជាក់ពី លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដោយលោកបាន
លើកលម្អិតបន្តថា៖ ចំពោះរថយន្តចង្កូតឆ្វេង ដែលម្ចាស់មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធនាំចូល មន្ត្រីជំនាញបានបើកឱកាសឲ្យម្ចាស់យានយន្តទាំងនោះ មកបំពេញបែបបទ ដើម្បីបង់ពន្ធឲ្យបានត្រឹមត្រូវស្របតាមច្បាប់។ ប៉ុន្តែសម្រាប់រថយន្តចង្កូតស្តាំ គឺត្រូវរឹបអូសទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ ព្រោះរថយន្ត ចង្កូតស្តាំ គឺ ត្រូវច្បាប់ហាមឃាត់មិនឲ្យនាំចូលតាំងពីឆ្នាំ ២០១៦មកម៉្លេះ។

លោកប្រធានសាខា ទុំ ណូ បានលើកឡើងថា៖ មន្ត្រីជំនាញសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ នឹងបន្តចុះអនុវត្តការងារត្រួតពិនិត្យបទល្មើសនាំទំនិញគេចពន្ធ ជាពិសេសការលួចនាំចូលរថយន្តអត់បង់ពន្ធឲ្យបានសកម្មថែមទៀត ដើម្បីឆ្លើយតបតាមការណែនាំរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង គណៈបញ្ជាការ ឯកភាពខេត្តព្រះសីហនុ បានដាក់ចេញប្រយោជន៍ដើម្បីឈានទៅប្រមូលចំណូលថវិកាជាតិ ឲ្យបានច្រើនថែមទៀត។

លោក ទុំ ណូ បន្តទៀតថា ចំពោះរថយន្តនាំចូលអត់បង់ពន្ធ ដែលមន្ត្រីជំនាញសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ចាប់បានទាំង១៣គ្រឿងនេះ ត្រូវបានឈ្មួញលួចនាំចូលបង្កប់តាមរយៈការនាំចូលគ្រឿងបន្លាស់រថយន្តចាស់ៗ ឬរថយន្តកាត់តដើម រួចមកដំឡើងនៅតាមយានដ្ឋានអត់ច្បាប់មួយចំនួននៅកម្ពុជា។

លោកបន្តថា ការងារនេះ មន្ត្រីជំនាញគយ និងរដ្ឋាករខេត្ត ព្រះសីហនុ ក៏កំពុងបន្តចុះស្រាវជ្រាវនៅតាមយានដ្ឋានមួយចំនួន ដែលសង្ស័យអាចមានជាប់ពាក់ព័ន្ធ ការលួចតម្លើងរថយន្តនាំចូលអត់ពន្ធនាមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីឈានទៅចុះបង្ក្រាបឲ្យមានប្រសិទ្ធភាព។

គួបញ្ជាក់ថា៖ អណត្តិលោក ទុំ ណូ ជាប្រធានសាខា គយនិងរដ្ឋាករ ខេត្តព្រះសីហនុ វិធានការបង្ក្រាបបទល្មើសគេចពន្ធ និងឡានចង្កូតស្តាំ ក៏ដូចជាឡានចង្កូតឆ្វេងគ្មានពន្ធមានប្រសិទ្ធ ទោះធ្វើឡើងដូចភ្លៀងរលឹមក៏ដោយ៕ សិលា

 


ចែករំលែក៖