ព័ត៌មានទាន់ហេតុការណ៍៖

ផ្លោះរបងវត្តបំណងចាប់រំលោភក្មេងស្រី មិនបានសម្រេច យកកាំបិតចាក់ម្តាយ និងវាយក្មេងៗ របួសធ្ងន់៤នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានផ្លោះរបងវត្តប្រជុំសាគរ ចូលបំណងទៅចាប់រំលោភក្មេងស្រីម្នាក់ តែមិនបានសម្រេច ខណៈម្ដាយ និងប្អូនតូចៗ ២នាក់ទៀតមកទាន់ ក៏ត្រូវជនសង្ស័យចាក់ម្ដាយមួយកាំបិត និងវាយក្មេងៗ បណ្ដាលឲ្យរបួសធ្ងន់ទាំងអស់៤នាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត៣រសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តប្រជុំសាគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បើតាមសម្ដីបុរសម្នាក់ឈ្មោះ សម្បត្តិ អាយុ៣៩ឆ្នាំ មុខរបបសន្តិសុខឯកជន ត្រូវជាប្ដី និងឪពុករបស់ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានទៅធ្វើការសន្តិសុខឯកជន ហើយប្រពន្ធ និងកូនប្រុសស្រី៣នាក់ស្នាក់នៅផ្ទះក្នុងបរិវេណវត្ត ។ ក្រោយមកប្រពន្ធគាត់ខលប្រាប់ថា មានគ្រោះថ្នាក់ត្រូវគេចាក់រូបគាត់ និងវាយកូនតូចៗ បណ្ដាលឲ្យរបួសធ្ងន់ទាំង៤នាក់កំពុងសម្រាកនៅមន្ទីពេទ្យកាល់ម៉ែត ។

បើតាមប្រភព វីឌីអូកាមេរាសុវត្តិភាពរបស់ប្រជាពលរដ្ឋអ្នកជិតខាង គេបានសង្កេតគេឃើញថា មុនពេលកើតហេតុមានបុរសម្នាក់បានឡើងផ្លោះរបងចូលក្នុងបរិវេនវត្ត ហើយមួយសន្ទុះក៏ផ្លោះចេញមកវិញយ៉ាងលឿន ។ បន្ទាប់មក ក៏មានស្ត្រីនិងក្មេងស្រី៣នាក់ទៀត ដែលជាកូនៗបានរងរបួសធ្ងន់ទាំង៤នាក់ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ។

ករណីនេះ គ្រាន់តែប្រជាពលរដ្ឋសន្និដ្ឋានជាករណីប៉ងរំលោភ មិនបានសម្រេច តែករណីអ្វីឲ្យប្រាកដនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។ ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ និងស្រាវជ្រាវតាមចាប់ជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖