ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេច ពិតជាត្រេកអរ និងអរគុណចំពោះសហគមន៍អន្តរជាតិមួយចំនួនដែលបានផ្តល់នូវភាពអនុគ្រោះដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ។
សម្តេចបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដូច្នេះថា៖
«កម្ពុជាត្រូវប្រឹងប្រែងទាំងអស់គ្នា
យើងពិតជាត្រេកអរ និងអរគុណចំពោះសហគមន៍អន្តរជាតិមួយចំនួនដែលបានផ្តល់នូវភាពអនុគ្រោះដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។ ច្បាស់ណាស់ ភាពអនុគ្រោះនឹងមិននៅស្ថិតស្ថេរជានិច្ចនិរន្តរ៍ឡើយ ហើយភាព អនុគ្រោះនេះទៀតសោត ក៏មិនអាចធ្វើអោយយើងក្លាយជាអ្នកមានបានទេ។
សមិទ្ឋផលផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុលើគម្រោងថវិកា២ពាន់លានដុល្លារ ដែលចាប់ផ្តើម បើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិអោយកាន់តែរឹងមាំ។
ច្បាស់ណាស់ បើយើងចង់ក្លាយជាអ្នកមានពិតប្រាកដ គឺត្រូវខិតខំតស៊ូប្រឹងធ្វើអោយបានដោយខ្លួនឯង ទើបអាច ធ្វើជាអ្នកមានបាន។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវប្រឹងប្រែងទាំងអស់គ្នា។ យើងមិនទុក ប្រទេសមួយនេះអោយស្លាប់ ឬអោយជនណាមកបំផ្លាញបានឡើយ» ៕