ភ្នំពេញ៖ កម្មវិធី សង្ក្រាន្តវិទ្យាល័យ បង្កើតឡើងនៅថ្ងៃទី ១៥រោជ ខែកត្តិក ឆ្នាំវក ព.ស ២៥៦០ ជាលើកទីដំបូងបង្អស់ ផ្តួចផ្តើមធ្វើឡើងដោយ ក្រុមអតីតសិស្សនៃវិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន (ពីមុនឈ្មោះវិទ្យាល័យហ៊ុនសែនជម្ពូវ័ន) ក្នុងគោលបំណង ផ្សារភ្ជាប់ និង បង្កើនទំនាក់ទំនងមិត្តភាពរបស់ប្អូនៗគ្រប់បណ្តា វិទ្យាល័យផ្សេងៗក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូននិស្សិត និង មហាជនទូទៅ ចូលរួមបង្កើតបរិយាកាសសប្បាយរីករាយ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមរយៈការអប់រំផ្នែក បំនិនជីវិត កីឡា និងផ្នែកវប្បធម៏សិល្បៈប្រជាប្រិយខ្មែរ។
កម្មវិធីនេះមានការចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុនCellcard ដែលជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ហើយដែលតែងតែចូលរួមគាំទ្រកម្មវិធីនានារបស់សង្គម ជាពិសេសផ្តោតយ៉ាងសំខាន់លើយុវជន ជួយបំផុសបំផុលស្មារតីអោយពួកគេជៀសឆ្ងាយពីគ្រឿងញៀន ដោយនាំយកកម្មវិធីថ្មីៗ ជាច្រើន។
Cellcard បច្ចុប្បន្នក៏សហការជាមួយសហពន័្ធកីឡាបាល់ទាល់កម្ពុជា ដើម្បីរៀបចំកម្មវិធី ការប្រកួតជម្រើសជើងឯកសាលាតម្រង់ទិស ដែលនឹងរៀបចំពិធីបិទកម្មវិធីនៅថ្ងៃទី ៣១ មិនា ២០១៩ នៅខេត្តបន្ទាយមានជ័យ។
ជាការពិតណាស់កម្មវិធី សង្ក្រាន្តវិទ្យាល័យ បានប្រារព្ធឡើង៣ដងរួចមកហើ ពោលគឺ៖
លើកទី១ នៅឆ្នាំ២០១៦ ៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន
លើកទី២ នៅឆ្នាំ២០១៧ ៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន
លើកទី៣ នៅឆ្នាំ២០១៨ ៖ វិទ្យាល័យ ជាស៊ីមសាមគ្គី
ព្រឹត្តិការណ៏ដែលបង្កប់នូវការអប់រំ និងសាមគ្គីភាព ក្រោមស្មារតីតែមួយនេះដែលបាន ផ្តល់ភាពរីករាយជូនប្អូនៗនៅសាលា ទាំងមូល យ៉ាងសោមន្សរីករាយជាមួយការកំសាន្តល្បែងប្រជាប្រិយខ្មែរ ការតាំងបង្ហាញឧបករណ៏បុរាណ និង ប្រជាប្រិយខ្មែរ ការបង្ហាញ សិល្បៈរបាំប្រជាប្រិយ ការតាំងលក់ផលិតផលខ្មែរ ម្ហូបអាហារខ្មែរដ៏ច្រើនសម្បូរបែប ជាពិសេសការរាំលេងកំសាន្តចង្វាក់ប្រជាប្រិយខ្មែរ និងចង្វាក់នាទស្សវត្សទី៦០ផងដែរ។
កម្មវិធីកន្លងមកបានប្រព្រឹត្តទៅក្នុងភាពអាធិកអាធម សប្បាយរីករាយ និង បង្កប់នូវការអប់រំជាច្រើនជូនប្អូនៗយុវជនជំនាន់ក្រោយ តាមរយះសិល្បៈប្រជាប្រិយ និង បែបបទប្រពៃណី ក្រោមការជ្រុមជ្រែងពីក្រសួងពាក់ព័ន្ធ ដូចជាក្រសួង អប់រំ យុវជន និង កីឡា ក្រសួងវប្បធម៏ និង វិចិត្រសិល្បៈ ពិសេសការសហការពី គណនាយកសាលា ដែលជាម្ចាស់ផ្ទះ លោកអភិបាលខណ្ឌ និងអ្នកឧបត្ថម្ភកម្មវិធីជាច្រើនទៀតដែលមិនអាចខ្វះបាន។
ដើម្បីបន្តនូវការអប់រំតាមរយៈព្រឹត្តិការណ៏កំសាន្តមួយនេះ ក៏ដូចជាត្រៀមអបអរសាទរ ទទួលទេវតាឆ្នាំថ្មី យើងបានបន្តរៀបចំ កម្មវិធី សង្ក្រាន្តវិទ្យាល័យ ជាថ្មីម្តងទៀតដោយបានទទួលការអនុញ្ញាតពីលោកនាយកវិទ្យាល័យឥន្ទ្រទេវី និងការគាំទ្រពីក្រសួងអប់រំយុវជន នឹងកីឡា ព្រមទាំងក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈ រួមសហការពីសិល្បករបុរាណ នឹងប្រពៃណីខ្មែរ អមជាមួយសិល្បករសម័យជាច្រើនរូបទៀត ក្នុងការប្រារព្ធនូវកម្មវិធីឡើងក្រោមប្រធានបទ “សិល្បៈប្រជាប្រិយ យុវជនសម័យថ្មី ស្មារតីតែមួយ” ដោយរួមបញ្ចូលនូវកម្មវិធីសាសនា ល្បែងប្រជាប្រិយ និងការសំដែងសិល្បៈ ទម្រង់ប្រជាប្រិយប្រពៃណីខ្មែរជាច្រើនទៀតផងដែរ។
សម្រាប់កម្មវិធីក្នុងឆ្នាំថ្មីនេះ នឹងប្រារព្ធឡើងរយៈពេល បីថ្ងៃពេញ គឺចាប់ពីថ្ងៃទី ០៥ រហូត ដល់ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩ ក្នុងគោលបំណងដូចខាងក្រោម៖
គោលបំណងនៃកម្មវិធី
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ ដូចខាងក្រោម៖
- ផ្សព្វផ្សាយពីទម្រង់សិល្បៈរបាំ, ឧបករណ៏ប្រជាប្រិយ និងចង្វាក់ប្រពៃណីរបស់ខ្មែរយើង
- ផ្តល់ឱកាសដល់សិស្សវិទ្យាល័យផ្សេងៗចូលរួមជាមួយកម្មវិធី ហើយយល់ពីតម្លៃ មិត្តភាពសាមគ្គីភាព និងការស្រលាញ់ រាប់អានគ្នា អធ្យាស្រ័យគ្នា ដោយគោរពតាមទម្រង់នៃ សិល្បៈវប្បធម៌ ប្រពៃណីខ្មែរយើង ក្រោមស្មារតីខ្មែរតែមួយ
- លុបបំបាត់សិល្បៈបែកស្លុយនិងសាបព្រោះនូវទម្រង់សិល្បៈបែបប្រជាប្រិយ ប្រពៃណីខ្មែរ
- ផ្សារភ្ជាប់ និង លើកទឹកចិត្តប្អូនៗវិទ្យាល័យនានា តាមរយៈការចូលរួមកម្មវិធីក្នុងបរិវេណវិទ្យាល័យខាងលើ ដោយមិនប្រកាន់ទស្សនៈវិទ្យាល័យនិយម
បន្ថែមពីនេះទៅទៀត យើងបានរំលេចនូវមាតិកានៃកម្មវិធីឆ្នាំនេះ ដោយផ្តោតលើគោលចំនុចសំខាន់ៗបីដូចជា ៖
១. បំនិនជីវិត ដោយតម្រូវអោយសិស្សានុសិស្សតំណាងវិទ្យាល័យចំនួន ៨ ចូលរួមប្រកួត
កម្មវិធី ចុងភៅវ័យក្មេង (ប្រកួតធ្វើម្ហូប និង បង្អែមខ្មែរ)
២.ទេពកោសល្យសិល្បៈ បើកអោយមានការប្រកួតសំនៀង របស់សិស្សវិទ្យាល័យផ្សេងៗ ទៅលើចង្វាក់ប្រជាប្រិយខ្មែរ ក្រោមកម្មវិធីឈ្មោះថា “ម្ចាស់សំនៀងវិទ្យាល័យ”
៣. គំនិតច្នៃប្រឌិត និង កែច្នៃ បើកអោយសិស្សានុសិស្សតំណាងវិទ្យាល័យចំនួន ៨ ដាក់តាំងបង្ហាញស្នាដៃច្នៃប្រឌិតបែបវិទ្យាសាស្ត្រ ក្រោមកម្មវិធី “ភូមិវិទ្យាសាស្ត្រ វិទ្យាល័យមួយស្នាដៃមួយ” និងកម្មវិធីច្នៃម៉ូតសម្លៀកបំពាក់កែច្នៃពីសំរាមដោយជម្រុញយុវជនអោយស្រលាញ់បរិស្ថាន ក្រោមកម្មវិធី “យុវទូតវិទ្យាល័យ ច្នៃប្រឌិត” ៕
អត្ថបទ៖ ថមសន