ខេត្តឧត្តរមានជ័យ ៖ មានករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះចំនួន០១ខ្នង របស់ លោក ទូច សំអុល ជាមន្ត្រីនគរបាល ចូលនិវត្តន៍ បានកើតឡើង កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានហេតុការណ៍ខាងលើនេះ កើតឡើង គឺមកពីភ្លើងឆេះព្រៃ បានរាលដាលឆាបឆេះផ្ទះតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា សម្ភារខូចខាតរួមមាន ៖ ផ្ទះ១ខ្នង ទំហំ៦,៥០ម៉ែត្រ គុណនិង១០ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី និងតសំយ៉ាបប្រក់ស្បូវ ម៉ូតូ១គ្រឿង ម៉ាក Honda Dream ស៊េរី ២០១៣ ទូក្បាច់មួយ តម្លៃ៧០០ដុល្លារ តុធ្នង់មួយ តម្លៃ៣០០ដុល្លារ គ្រែពីរ តម្លៃ៥០០ដុល្លារ ទូទឹកកកមួយ តម្លៃ១៥០ដុល្លារ ទូរទស្សន៍១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។
បន្ទាប់មក សមត្ថកិច្ចបានយកឡានទឹក ក្រុមហ៊ុនអូរស្មាច់ រីសត មកជួយអន្តរាគមន៍ពន្លត់ភ្លើង ទើបមិនរាលដាលបន្តទៀត អស់ទឹកចំនួន១ឡាន ៕ ប៉ែន នួន