ខេត្តប៉ៃលិន ៖ រថយន្តធុនធំៗ ពីរគ្រឿងបានជែងគ្នា សម្រុកចូលលើស្ពាន បណ្ដាលឲ្យគាបគ្នា នៅផ្លូវ វៀងក្រុង១កន្លែង ធ្វើឲ្យស្ទះចរាចរណ៍អស់រយ: ពេល២ម៉ោងទៅហើយ នៅតែមិនអាចយករថយន្ត ទាំងនោះចេញពីលើ ស្ពានបាន ខណ:រថយន្តយីឌុបខ្មែរ ដឹកឥដ្ឋពេញទ្រុង បើកបរនៅលើស្ពានឆ្លងជិត ផុតទៅហើយ ស្រាប់តែរថយន្តថៃបើកចូលទៅពីមុខបណ្តាលឲ្យគាបជាប់តែម្តង ។
ករណីរថយន្តពីរគ្រឿងគាបគ្នា ជាប់នៅលើស្ពាននេះ បានកើតឡើងកាលពីវេលា ម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើស្ពានស្ទឹងកាច់ ក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីនគរបាល បានឲ្យដឹងថា រថយន្តខ្មែរដឹកឥដ្ឋពេញទ្រុង ម៉ាក ហ្វុយសូ (FUSO) ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ប៉ៃលិន 3A-0199 រងការខូចខាត បាក់ភ្លៅកង់ឆ្វេងផ្នែកខាងមុខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីលិច ទៅកើតជិតផុតស្ពាន ។ ចំណែករថយន្តថៃម៉ាក ហ៊ីណូ (HINO) សណ្តោងរ៉ឺម៉កដឹកចំណិត ដំឡូងមីពេញទ្រុង បើកក្នុងទិសដៅពីកើតទៅលិច ទើប តែឡើងលើស្ពាន ហើយអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តខ្នាត យក្សម៉ាកហ៊ុយសូ ដឹកដុំឥដ្ឋពេញទ្រុងរបស់ខ្មែរ បើកបរក្នុងទិសដៅពីលិច ទៅកើតដោយជិតផុតស្ពាន ទៅហើយ ខណ:អាកាសធាតុ កំពុងតែភ្លៀង ស្រាប់តែមានរថយន្តខ្នាត យក្សសណ្តោងរ៉ឺម៉ករបស់ថៃ បើកបរដោយជនជាតិថៃ បើកបរ ក្នុងល្បឿនលឿន ក៏ឡើងទៅលើស្ពានដែរ បណ្តាលឲ្យបុកប៉ះចំកង់ឆ្វេង រថយន្តខ្មែររងការខូចខាត ហើយ ក៏ស្ទះផ្លូវលើស្ពានអស់រយ:ពេលជាច្រើនម៉ោង ដោយអ្នកធ្វើដំណើរតាមដងផ្លូវវាងក្រុងនេះ នាំគ្នាបើកបរ ត្រឡប់ក្រោយវិញ មិនអាចឆ្លងកាត់ស្ពាន នេះបានទេ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជារៀងរាល់ពេលគេ តែងតែសង្កេតឃើញរថយន្តថៃ បើកបរចូលមកក្នុងទឹកដីខ្មែរ ក្នុងល្បឿនលឿន ដោយមិនសូវគោរពច្បាប់ ចរាចរណ៍នោះឡើយ ហើយក៏ តែងតែបុកនឹងប៉ះពារទៅលើរថយន្តដែលធ្វើដំណើរតាមដងផ្លូវ ជាញឹកញយផងដែរ ។
ប្រជាពលរដ្ឋសំណូមពរឲ្យដល់ សមត្ថកិច្ចនគរបាលនៃស្នងការខេត្តសូមឲ្យធ្វើការយ៉ាងណា ហាមប្រាមនឹងទប់ស្កាត់រថយន្ត ធុនធំៗឲ្យ បើកបរក្នុងល្បឿនយឺតៗ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍កើតឡើង បើកបរត្រូវតែចេះគោរពច្បាប់ ចរាចរណ៍ ៕ ស សារ៉េត