ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រឿងៗទាញ ព្រនង់ សំពង ក្បាលប្រពន្ធសន្លប់ស្ដូក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាលស្រុកវាលវែង ឃាត់ខ្លួនបុរសម្នាក់ ក្រោយវាយក្បាលប្រពន្ធបែកហូរឈាម បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ក្នុងថ្លុកឈាម នៅគ្រាទំនាស់ពាក្យសម្ដីគ្នាក្រោយផឹកស្រវឹង ។

ហេតុការណ៍ហិង្សាក្នុងគ្រួសារខាងលើនេះ បាបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង៥០នាទី យប់ថ្ងៃអាទិត្យ ៤រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅក្នុងចំការមួយកន្លែង ត្រង់ចំណុចម៉ុង្គរី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងតាមទូរស័ព្ទថា ជនសង្ស័យដៃដល់ជាប្តីដែលបានវាយប្រពន្ធឈ្មោះ សល់ ឡាយ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំកើតហេតុ ចំណែកស្រ្តីរងរបួសជាប្រពន្ធឈ្មោះ វ៉ាន់ សួន អាយុ ២៧ឆ្នាំ មានកូនចំនួន ២នាក់ក្នុងគ្រួសារ ។

ប្រភពព័ត៌មានពីនគរបាលដដែលបន្តទៀតថា មុនកើតហេតុគេឃើញមានការផឹកសុីអស់ស្រាបៀរប្រមាណ ២កេះ ក្រោយចប់កម្មវិធីក៏ឮសំឡេងទំនាស់ពាក្យសម្ដីគ្នា រវាងប្ដីប្រពន្ធដៃដល់ និងរងរបួស ខណៈនោះឮសំឡេងហៅឲ្យគេជួយផងដែរ ពេលអ្នកក្បែរខាងរត់ទៅដល់ ឃើញប្រពន្ធដួលដេកលើដីបាត់ទៅហើយ ក៏ជួយចាត់ចែងសម្រួលបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកបុរសជាប្ដីនគរបាលនាំទៅអធិការដ្ឋានស្រុក ដើម្បីសួរនាំ និងបំពេញសំណុំឯកសារ៕ ប៉ឹម ពិន

 


ចែករំលែក៖