ខេត្តកំពង់ចាម ៖ ក្រោយពីសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមានថា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះលោកឧត្តមសេនីយ៍ សាន្ត ប៊ុន ថាន និងប្រឈមមុខបាត់បង់តំណែងតួ នាទីរបស់ខ្លួន ប្រសិនបើមិននាំកូនប្រុស ឈ្មោះ សាន្ត សុខុម ជាមន្រ្តីកងរាជអាវុធ ហត្ថដែរនោះ ចូលខ្លួនដោះស្រាយបញ្ហាជុំ វិញការប្រើហិង្សាលើយុវជន២នាក់នៅក្នុងខេត្តកំពង់ចាមនោះ ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរ ជាតិជាង១ពាន់នាក់នាព្រឹកថៃ្ងទី២៥ ខែមីនា ឆ្នាំ២០១៩ ។
នៅទីបំផុតមន្រ្តីកងរាជអាវុធហត្ថដែល ត្រូវជាកូនប្រុសលោក សាន្ត ប៊ុនថាន មេ បញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏បានចូលមកបង្ហាញខ្លួននៅចំពោះមុខ សមត្ថកិច្ចកាលពីរសៀលថៃ្ងទី២៥ខែឆ្នាំ ដដែលដើម្បីទទួលទោសកំហុសរបស់ខ្លួន ពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើ យុវជន២នាក់ក្នុងហាងអីុនធើណេតមួយ កន្លែងក្នុងទីរួមខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះជា អ្នកនាំកូនប្រុសរបស់ខ្លួនដោយផ្ទាល់យក មកប្រគល់ជូនសមត្ថកិច្ចអាវុធហត្ថខេត្ត កំពង់ចាមដើម្បីទទួលកំហុសទៅតាមការ ប្រព្រឹត្តរបស់គាត់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ចាមបាន បញ្ជាក់ថា លោកស័ក្តិ៤ សាន្ត សុខុម សមត្ថ កិច្ចបាននឹងកំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី ។
បញ្ហាគិតខ្លីដោយសារខឹងខូចខឹងខាតការទប់កំហឹងមិនជាប់គ្រប់គ្រងអារម្មណ៍ ខ្លួន ឯងមិនបាន នោះជាកំហុសបង្កើតឲ្យមានបញ្ហាដល់ខ្លួនឬយកមេរោគមកដាក់ក្នុងខួរក្បាល តែមួយប៉ប្រិចភ្នែករងនូវភាពអាម៉ាស់បាក់មុខមាត់យសស័ក្តិ។ ជាក់ស្តែងមានហេតុការណ៍បង្កហិង្សាមួយដែលបង្ហោះឡើងដោយ គណនីហ្វេសប៊ុក ឈ្មោះ Makara Meach ចេញពីទិដ្ឋភាពកាមេរ៉ាសុវត្ថិ ភាពបានបង្ហាញពីសកម្មភាពបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា សាន្ដ សុខុម ជាមន្រ្ដីកងរាជអាវុធហត្ថខេត្ដ ក្រចេះ ដែលមានឪពុកជាមេអាវុធហត្ថខេត្ដ បានធ្វើសកម្មភាពយ៉ាងសាហាវព្រៃផ្សៃ ដោយដកកាំភ្លើងវាយនិងភ្ជង់ជនរងគ្រោះពីរនាក់បង្កឲ្យមានការភ្ញាក់ផ្អើលពេញ បណ្ដាញសង្គមហ្វេសប៊ុក។ ទីបំផុតជនបង្ក មានឥទ្ធិពល មានលុយ មានបុណ្យស័ក្តិ ដឹងថានេះជាអំពើល្មើស ច្បាប់ ក៏បង្ខំចិត្តគេចខ្លួនពីការប្រមាញ់របស់សមត្ថកិច្ចសម្ងំនៅរាជធានីភ្នំពេញ ។
ស្របពេលនេះជនរងគ្រោះដែលត្រូវបានបុគ្គល សាន្ដ សុខុម ដកកាំភ្លើងភ្ជង់ វាយធ្វើបាបនោះត្រូវបានគេស្គាល់ទី១ ឈ្មោះ-វ៉ាន់ ចាន់អទិច្ចបញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ ចាម និងទី២-ឈ្មោះ យ៉េ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ។
ជនរងគ្រោះទាំងពីរនាក់បានកើតទុក្ខពុំសុខចិត្ដ សម្រេចដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដោយបានប្ដឹងឈ្មោះ សាន្ត សុខុម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ ចាម មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រីបានធ្វើសកម្មភាពយកកាំភ្លើងខ្លីម៉ាកឡុក មកភ្ជង់គំរាម និងវាយទៅលើពួកគាត់ទាំងពីរនាក់ខាងលើជាច្រើនដៃទាំងកំរោលនិង ឃោឃៅណាស់ ។
ក្នុងពាក្យបណ្ដឹងជនរងគ្រោះបានរៀបរាប់ហេតុការណ៍ដែលកើតឡើងថា “នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៤៥នាទីពួកខ្ញុំកំពុងអង្គុយលេងហ្គេមតាមអនឡាញ នៅផ្ទះណេតយីហោ ៥០៧ ក្រោយសាលាវាលវង់ ស្ថិតនៅ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ។ ពេលកំពុងលេងហ្គេម តាមអនឡាញ ដែលមានអ្នកលេងប្រហែល៥ទៅ៦នាក់លេងដូចគ្នាដែរនោះស្រាប់តែមានឈ្មោះ សាន្ដ សុខុម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ៦ សង្កាត់វាលវង់ ក្រុង-ខេត្ដកំពង់ចាម ជិះ រថយន្ដម៉ាក ឡិចសីុស៥៧០ ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទពីរនាក់អ្នកបើកបរ រថយន្ដ ហើយចូលមកដល់ដកកាំភ្លើងខ្លីម៉ាកឡុកបញ្ចូលគ្រាប់ភ្ជង់មកលើពួកខ្ញុំ។ពេលនោះពួកខ្ញុំបានចុះពីលើរថយន្ដហើយដើរ ចូលមកកន្លែងណេតលេងហ្គមវិញ ។ តែឈ្មោះ សាន្ដ សុខុម បានដើរចូលមកតាម ពួកខ្ញុំ ហើយទះកំផ្លៀងពួកខ្ញុំ៤កំផ្លៀងថែមទៀត ព្រមទាំងដកកាំភ្លើងខ្លីម៉ាកឡុកបញ្ចូលគ្រាប់ មកភ្ជង់ពួកខ្ញុំម្ដងទៀត ។ ពេលនោះ ពួកខ្ញុំ ក៏គេចខ្លួនពីកន្លែងលេងហ្គេមរួចក៏ ទូរស័ព្ទឲ្យម៉ាក់របស់ខ្ញុំទៅយកមកផ្ទះទើបពួកខ្ញុំបានសម្រេចចិត្ដប្ដឹង សមត្ថកិច្ចឲ្យជួយដោះស្រាយតែម្ដង”។
ហេតុការណ៍បែបនេះល្បី កក្រើកពេញហ្វេសប៊ុកប្រព័ន្ធផ្សព្វផ្សាយលោក សាន ប៊ុនថាន ជាឪពុកបានចេញទទួលស្គាល់ ការណ៍ពិតរាល់សកម្មភាពកូនបង្កហេតុ។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ត្រូវជាឪពុករបស់ជនបង្ក ឈ្មោះ សាន្ដ សុខុម បានប្រាប់ពីហេតុការណ៍ខាងលើដែលបង្កឡើងដោយកូនប្រុសរបស់ ខ្លួន ដោយលោកបញ្ជាក់ថាករណីនេះបានផ្តើមចេញពីកូនប្រុសម្នាក់ទៀតឈ្មោះ សាន្ត សុវិជ្ជា ដែលត្រូវជាប្អូន របស់សាន សុខុម ។
លោកបានប្រាប់ឱ្យដឹងថា កូនប្រុស របស់លោកឈ្មោះ សាន្ត សុវិជ្ជា រួមជាមួយ មិត្តភក្តិ បានលេងល្បែងចាញ់អស់រហូត ដល់យកខ្សែកនិងម៉ូតូទៅបញ្ចាំគ្មាន សល់។ ក្រោយទទួលបានព័ត៌មានដ៏អកុសលបែបនេះលោកបានឲ្យ កូនបងឈ្មោះ សាន្ត សុខុម ទៅតាមរកប្អូននិងសួរនាំកន្លែង បញ្ចាំខ្សែកនិងម៉ូតូដើម្បីលោះយកត្រឡប់មកវិញ ។
ប៉ុន្តែពេលទៅដល់ហាងអុីនធើណេត ក៏ជួបមិត្តភក្តិរបស់ឈ្មោះ សាន្ត សុវិជ្ជា ហើយ ក៏សួរនាំរកទីតាំងបញ្ចាំ។ ដោយសារមិត្ត ភក្តិរបស់ប្អូនប្រុសខ្លួនមិនប្រាប់ និងមិននាំទៅកន្លែងបញ្ចាំដើម្បីលោះយកទ្រព្យសម្បត្តិមកវិញនោះក៏កើតមានជម្លោះរហូតវាយ និងភ្ជង់តែម្តង។
លោកមេបញ្ជាការបានបន្ថែមទៀតថាលោកមានការខកចិត្តយ៉ាងខ្លាំងចំពោះកូនប្រុសពៅរបស់លោកដែលងប់នឹងល្បែងស៊ីសង រហូតធ្លាប់បានយករថយន្តរបស់ លោកទៅបញ្ចាំផងដែរ នាពេលកន្លងទៅ ដែលខ្លួនគឺមានតួនាទីជាប្រធានការិយាល័យបំភ័ន្តអក្ខរៈនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ហើយមានប្រពន្ធនៅទីរួមខេត្តកំពង់ចាម។
គួបញ្ជាក់ថា ទឹកចិត្តឪពុកម្តាយមិនមានបំណងណាមួយ សូម្បីគិតក៏គ្មានឲ្យកូនដើរផ្លូវខុសទេ ពិសេសលោកមានមុខមាត់ តួនាទីក្នុងជួរកងទ័ព ក្នុងសង្គមថែមទៀត តែដោយការគិតខ្លីរបស់កូននិងម្នាក់ទៀតញៀនល្បែង ក៏ក្លាយទៅជាកើតរឿងអព មង្គលនេះឡើង។ដូច្នេះជនបង្កជាកងកម្លាំងមានតួនាទីធ្វើបែបនេះប្រាកដណាស់ គឺអង្គភាពមិនយោគយល់បណ្តោយឲ្យត្រី ស្អុយមួយ ស្អុយត្រីមួយពាងទេ ៕
សហការី