ខេត្តសៀមរាប៖ ជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់លេខ១៥៣ សណ្ឋាគារ បុរីអង្គរ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ហេតុការណ៍នេះ បានដឹងដល់សមត្ថកិច្ចនៅវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ TRATTER TREVOR JOSEPH ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ អូស្ត្រាលី ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ EXPEDIA ស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ ។
ផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយប្រើថ្នាំងងុយដេកច្រើនហួសកម្រិត ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅសាលតម្កល់សពស្ទឹងមានជ័យរាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេច របស់ក្រុមគ្រួសារ និងស្ថានទូត ។
សមត្ថកិច្ច និងក្រុមគ្រូពេទ្យបានថ្លែងថា សុំឲ្យបងប្អូនដែលនិយមទម្លាប់ប្រើថ្នាំងងុយដេក មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យលើសកម្រិត ៕ ប៊ុនរិទ្ធី