ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញកាប់យុវជន២នាក់ កំពុងជិះម៉ូតូបណ្ដាលឲ្យម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងស្ទាវមួយក្រុមប្រមាណជាង១០នាក់ បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់យុវជន២នាក់ កំពុងជិះម៉ូតូឌុបគ្នា បណ្ដាលឲ្យម្នាក់របួសធ្ងន់យ៉ាងដំណំ ក្រោយពីក្រុមក្មេងទំនើងធ្វើសកម្មភាពរួច បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២១ នៅចំណុច មុខហាងគុយទាវក្រវិលធំ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ឈ្មោះ សំអូន ផាលិត ហៅផ្លយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល (ជនរងគ្រោះ មានរបួសស្នាមត្រង់ក្បាលផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ) ។ ចំណែកក្រុមជនសង្ស័យមានប្រមាណជាង១០នាក់ ចាប់បាន៦នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណ ។

ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូជាមួយមិត្តភក្តិ ដែលជនរងគ្រោះរបួសធ្ងន់អង្គុយខាងក្រោយ លុះជិះម៉ូតូមកដល់កន្លែងកើតហេតុ ស្រាប់តែក្រុមជនសង្ស័យជិះម៉ូតូឌុបគ្នា បានទាញកាំបិតប៉័ងតោកាប់ពីក្រោយជនរងគ្រោះ បណ្ដាលឲ្យ ត្រូវក្បាលសើយសាច់ឡើងលើ រងរបួសស្នាមហូរឈាមយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើង ក្រុមជនសង្ស័យខាងលើ បាននាំគ្នាបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង ។

ប្រភពដដែលបន្តទៀតថា ក្រោយពីនគរបាលក្រុងតាខ្មៅទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះក៏ចុះមកកន្លែងកើតហេតុ រួចសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ទកម្រិតធ្ងន់ ធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ជាលទ្ធផលបានចាប់ខ្លួនជនសង្ស័យបាន៦នាក់ ខណៈដែលប៉ុន្មាននាក់ទៀតកំពុងរត់គេចខ្លួន ។

ខណៈនេះ ក្រុមជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងសាក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖