ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតនៅថៃ មានភាពមិនប្រក្រតីជាច្រើនកើតឡើង គណបក្សភឿថៃ ចោទប្រកាន់ថា គ្មានតម្លាភាព

ចែករំលែក៖

ការបោះឆ្នោតនៅក្នុងប្រទេសថៃ មានភាពមិនប្រក្រតីជាច្រើនបានកើតឡើង ក្រោយពេលគេឃើញមាន កុមារអាយុទើបតែ៧ឆ្នាំប៉ុណ្ណោះ ក៏មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនោះដែរ ។

លោកស្រី Sirima Jirakitthana លេខា ស្រុក Sriracha បានស្នើធ្វើឲ្យច្បាស់នូវករណី អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ឈ្មោះ «Surawut Kerdchai » និង «To Si Racha» បានបង្ហោះ ព័ត៌មាន ស្តីពីក្មេងស្រីអាយុ៧ឆ្នាំម្នាក់ គឺកើតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ។

កុមារីខាងលើ បោះឆ្នោត នៅមណ្ឌល១៤ ស្រុកឃុំលេខ៥ ស្រុក Sriracha ខេត្ត Chon ។ តាមច្បាប់បោះឆ្នោត ពលរដ្ឋថៃមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ទើបមានសិទ្ធិទៅបោះឆ្នោត ។

លោកស្រី Ladawan Wongsriwong អ្នកនាំពាក្យគណបក្សភឿថៃ បានបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតត្រូវបើកការស្រាវជ្រាវ ករណីកាត «ខ្មោច» សម្រាប់បោះឆ្នោត បង្ហាញវត្តមាននៅក្នុងខេត្តចំនួន១០ដូចជា Chiang Rai, Chiang Mai, Trang, Trat, Tak, Nakhon Nayok, Nakhon Pathom, Nakhon Phanom, Nakhon Ratchasima និង Nakhon Si Thammarat ក្រៅពីនេះ ក៏មានព័ត៌មានថា នៅតំបន់ Laksi ក្រុងបាងកកក៏មាន កាត«ខ្មោច»ជាច្រើនទៅបោះឆ្នោតផងដែរ ។

ក្រៅពីនេះ គេឃើញមានចំណុចខុសប្រក្រតីជាច្រើន តាំងពីការរាប់សន្លឹកឆ្នោត និងការពន្យារពេលប្រកាសលទ្ធផល បោះឆ្នោត ជាដើម ។

ចំណែកលទ្ធផលបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតថៃនៅរសៀលថ្ងៃទី២៥ ខែមីនា បានប្រកាសលទ្ធផលក្រៅផ្លូវការ តាមរូបមន្តបោះឆ្នោតផ្ទាល់ បង្ហាញឲ្យឃើញថា គណបក្សភឿថៃរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ទទួលបាន១៣៨កៅអីក្នុងសភា ចំណែកគណបក្ស Palang Pracharat របស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់ អូចាទទួលបាន៩៨កៅអី។

ចំណែកលទ្ធផលទាំងអស់ រួមទាំង ១៥០កៅអី បែងចែកតាម លទ្ធផលសន្លឹកឆ្នោតសកល គឺត្រូវរង់ចាំដល់ថ្ងៃទី២៩ ខែមីនា ។ ចំណែកលទ្ធផលផ្លូវការ នឹងត្រូវប្រកាស នៅថ្ងៃទី៩ ខែឧសភា។ ដូច្នេះនៅពេលនេះ មិនទាន់ប្រាកដថា គណបក្សណាមួយ ជាអ្នកឈ្នះក្នុងការបោះឆ្នោតនោះឡើយ។

ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនោះដែរ អតីតមេបក្ស ភឿថៃ លោកថាក់ស៊ីនស៊ីណាវ៉ាត្រា បានលើកឡើងថា លោកបានដឹងមុនច្បាស់ណាស់ថា របបសឹកថៃដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ គឺចង់តែនៅបន្តក្តោបក្តាប់អំណាច ប៉ុន្តែលោកនឹកស្មានមិនដល់ឡើយថា រដ្ឋាភិបាលយោធាហ៊ានដល់ត្រៀមលក្ខណៈបំផ្លាញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យមួយទាំងមូល ។

ទាក់ទិននឹងការពន្យារពេលបញ្ចេញលទ្ធផលឋបម នៃការបោះឆ្នោត តាំងពីយប់ថ្ងៃអាទិត្យ រហូតមកដល់ថ្ងៃចន្ទ លោក ថាក់ស៊ីន បានលើកឡើងថា វាពុំធ្លាប់មានការពន្យារពេលរបៀបនេះឡើយ ក្នុងប្រវត្តិសាស្រ្តបោះឆ្នោតនាសម័យទំនើបរបស់ប្រទេសថៃ ហើយប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលយោធាកំពុងតែមានការភ័យខ្លាច។

អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានបន្តថា នៅតាមតំបន់មួយចំនួន, ចំនួនសន្លឹកឆ្នោត ហាក់ដូចជា លើសពីចំនួននៃអ្នកបោះឆ្នោត ខណៈតំបន់ខ្លះទៀត អត្រានៃអ្នកទៅបោះឆ្នោតត្រូវគេរាយការណ៍ថា មានចំនួនដល់ទៅ២០០ភាគរយ ។ ក្រៅពីនេះ លទ្ធផលសម្រាប់មណ្ឌលខ្លះ ដែលចេញផ្សាយដោយគណៈកម្មការបោះឆ្នោតជាតិ គឺមិនត្រូវគ្នាជាមួយ លទ្ធផលដែលរាយការណ៍ ដោយក្រុមមន្រ្តីសង្កេតការណ៍បោះឆ្នោត ។

ម៉្យាងវិញទៀត សន្លឹកឆ្នោតក្នុងចំនួនយ៉ាងច្រើន ត្រូវបានគេចាត់ទុកជាមិនបានការ ដែលជារឿងគួរឲ្យសង្ស័យ ហើយក៏មានសេចក្តីរាយការណ៍ផងដែរថា សន្លឹកឆ្នោតខ្លះវិញ ទោះបីពុំត្រូវបានគូសសញ្ញាដោយត្រឹមត្រូវក្តី ត្រូវបានរាប់បញ្ចូលទៅក្នុងសំឡេងឆ្នោតរបស់គណបក្ស Palang Pracharat ដែលស្និទ្ធជាមួយរបបយោធា។

លោក ថាក់ស៊ីន បានបញ្ជាក់ថា ទោះកំហុសឆ្គងទាំងនេះ ក្រោយមកត្រូវបានកែតម្រូវក៏ដោយ តែក៏ពុំមែនមានន័យថា វាគ្មានការចូលជ្រៀតជ្រែកស៊ីជម្រៅពីរបបសឹកនោះដែរ ព្រោះរដ្ឋាភិបាលយោធា គឺជាអ្នកដែលបានតែងតាំង គណៈកម្មការរៀបចំការបោះឆ្នោត ហើយកន្លងមកធ្លាប់បានចូលលូកដៃក្នុងកិច្ចការ របស់ស្ថាប័ន ក៏ដូចជាគ្រឹះស្ថានជាច្រើន ដែលត្រូវដើរតួនាទីឯករាជ្យ។

បើតាមលោក ថាក់ស៊ីន មិនតែប៉ុណ្ណោះ របបសឹកថែមទាំងបានកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីយកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន ពោលគឺ ប្រទេសថៃហាក់មិនអាចកែប្រែ ច្បាប់ព្រហ្មទណ្ឌចាស់ហួសសម័យ ឬសូម្បីតែច្បាប់នៃការចុះបញ្ជីរថយន្តរបស់ខ្លួនបានទេ តែអាចកែប្រែរដ្ឋធម្មនុញ្ញបានទៅវិញ។ លើសពីនេះ ច្បាប់បោះឆ្នោតត្រូវបានកែសម្រួល ដើម្បីធ្វើឲ្យគណបក្សធំៗចុះទន់ខ្សោយ ហើយអនុវត្តន៍ស្តង់ដាពីរសម្រាប់ការកំណត់លើបុគ្គលដែលអាចឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី។

លោក ថាក់ស៊ីន បានបន្ថែមថា ទោះខណៈនេះរបបសឹកថៃនឹងអនុញ្ញាត ឬក៏មិនអនុញ្ញាតឲ្យ ក្រុមគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ បង្កើត រដ្ឋាភិបាល រដ្ឋាភិបាលយោធា នឹងស្វែងរកមធ្យោបាយដើម្បីបន្តនៅធ្វើជាអ្នកគ្រប់គ្រងអំណាចដដែល។ លោក ថាក់ស៊ីន បញ្ជាក់ថា អ្វីដែលលោកបានលើកឡើងទាំងអស់នេះ គឺពុំមែនចង់ឲ្យ គណបក្សនេះឈ្នះ ឬគណបក្សនោះចាញ់ឡើយ ប៉ុន្តែគឺមិនចង់ឲ្យប្រជាជាតិថៃទាំងមូលចាញ់ ។ តាមប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ មេដឹកនាំមានពេលត្រូវឡើង និងពេលត្រូវចុះពីអំណាច ប៉ុន្តែរបបសឹកនេះ គឺបានត្រៀមខ្លួនរួចស្រេច ដើម្បីបំផ្លាញប្រព័ន្ធនេះ ព្រោះតែដើម្បីរក្សាអំណាចរបស់ខ្លួន។

ជាចុងក្រោយ លោក ថាក់ស៊ីន បានសង្កត់ធ្ងន់ថា ប្រសិនបើច្បាប់នៃការប្រកួតប្រជែង ឬក៏អាជ្ញាកណ្តាល គ្មានមួយណាមានតម្លាភាពទេនោះ លទ្ធផល នឹងពុំទទួលបានការគោរពឡើយ គឺមិនថាពីសំណាក់ប្រជាជនថៃផ្ទាល់ ឬពីអន្តរជាតិនោះទេ។ លោក ថាក់ស៊ីន បាននិយាយថា ប្រទេសថៃសព្វថ្ងៃត្រូវការរដ្ឋាភិបាលមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរាស្រ្ត មិនមែនឆន្ទៈរបស់របបយោធាឡើយ ប៉ុន្តែនេះជាពេលវេលាអាក្រក់ និងសោកសៅមួយសម្រាប់ប្រទេសរបស់លោក ៕


ចែករំលែក៖