ភ្នំពេញ៖ ពួកជនកំហូច៣នាក់ បន្លំខ្លួនជាព្រះសង្ឃ ចេញពីបន្ទប់ជួលមកប្តូរសំលៀកបំពាក់ស្បង់ចីពរលើរ៉ឺម៉កកង់បី តាមដងផ្លូវ ត្រូវកម្លាំងសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី ឃើញក៏ឃាត់យកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង កាលពីម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៦ មីនា ឆ្នាំ២០១៩ នៅចំណុចដងផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ពួកជនបន្លំខ្លួនជាសង្ឃទាំងនេះ ១ ឈ្មោះ គង់ ឆែត អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក, ទី២ឈ្មោះ ភិន ភារម្យ អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ និងទី៣ឈ្មោះ ប៉រ ញៀត អាយុ ៤៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ និងទី៤អ្នករត់រ៉ឺម៉កឈ្មោះ រុន ភារម្យ អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិទំនប់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ទាំង៤នាក់មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រវែង ។
អាជ្ញាធរមូលដ្ឋានឲ្យដឹងថា មុនកើតហេតុខណៈកម្លាំងសណ្តាប់ធ្នាប់សង្កាត់ជិះម៉ូតូដើរមើលក្នុងមូលដ្ឋានដល់គោលដៅខាងលើ ស្រាប់តែឃើញរ៉ឺម៉កកង់បីខាងលើ ទម្លាក់វាំងននជិត និងរង្គើខុសប្រក្រតី ក៏ចូលទៅមើល ស្រាប់តែឃើញពួកជនកំហូចខាងលើ កំពុងប្តូរសំលៀកបំពាក់មកស្បង់ចីពរវិញ ក៏ឃាត់ជាក់ស្តែងតែម្តង និងយកមកប្រគល់ឲ្យសមត្ថកិច្ច ។
នៅចំពោះមុខសមត្ថកិច្ច ពួកជនបន្លំខ្លួនជាព្រះសង្ឃទាំងនេះបានប្រាប់ថា ពួកគេមិនមែនលោកសង្ឃទេ ជាប្រជាពលរដ្ឋធម្មតា ដោយសារតែធ្វើការសំណង់រកលុយមិនបាន ក៏មានគំនិតក្លែងជាសង្ឃ ហើយដើរបិណ្ឌបាតតាមផ្សារនានាក្នុងក្រុងតែម្តង ដោយមានរ៉ឺម៉កព្រឹកឡើងមកដឹកចេញពីបន្ទប់ជួល ហើយប្តូរសំលៀកបំពាក់មកស្បង់ចីពរតាមដងផ្លូវ ។
ក្រោយពីមានចម្លើយសារភាព បច្ចុប្បន្នជនក្លែងបន្លំខាងលើត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត ៕ តុង សីហា