ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់ ដេកស្លាប់ សមត្ថកិច្ចបានសន្និដ្ឋានថា មានជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ហេតុការមនុស្សដេកស្លាប់ ដោយ គាំងបេះដូង ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជិត៧ព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ និងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩នៅភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាសពរងគ្រោះ ឈ្មោះ ចាន់ វី ភេទ ប្រុស អាយុ៥៦ឆ្នាំមុខរបរ នគរបាល នៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ភោគ ផេក ភេទស្រី អាយុ ៥៣ឆ្នាំ ត្រូវជាដន្លងរបស់ជនរងគ្រោះ រស់នៅភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក បានប្រាប់ថា ជនរងគ្រោះឈ្មោះ ចាន់ វី ភេទប្រុស អាយុ ៥៦ឆ្នាំមុខរបរ នគរបាល រស់នៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាដន្លង និងគ្នា នៅថ្ងៃទី ១៥ ខែមីនា ២០១៩ គាត់បានរៀបមង្គលការកូន ដន្លងគាត់មិនបានហូបបាយទេ គាត់ផឹកស្រាស្រវឹងរហូត ហើយនៅថ្ងៃទី២៣ ខែមីនា ២០១៩ ពួកគាត់បានទៅ កាត់ចំណងដៃកូននៅឯផ្ទះរបស់ដន្លងគាត់ឯស្រុកសន្ទុក ហើយដន្លងរបស់គាត់ ជនរងគ្រោះ មិនបានហូបបាយទៀតគឺផឹកតែស្រា លុះដល់ម៉ោងប្រហែល ១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមីនា ២០១៩ ពួកនាងខ្ញុំបានជិះឡានត្រឡប់មកផ្ទះវិញ ហើយប្ដីនាងខ្ញុំបានដើរទៅដាស់ដន្លងដែលកំពុងដេកលើរោងមុខផ្ទះថា៖ ដន្លងខ្ញុំលាទៅផ្ទះហើយ ពេលនោះដន្លងនាងខ្ញុំបានក្រោកពី ដេក ហើយរត់មកឡើង ឡានជាមួយពួកខ្ញុំ កូនប្រសារខ្ញុំបានរត់មកទាញ ហើយនិយាយថា៖ ពុកមិនបាច់ទៅទេ គាត់មិនស្ដាប់ទេ ចាប់ឡានជាប់ ពេលនោះកូនប្រសារខ្ញុំបាននិយាយថា៖ ឲ្យគាត់ទៅក៏ទៅៗ ពុកនេះពិបាកណាស់ បើចង់ទៅណាហើយឃាត់មិនស្ដាប់ទេ !ពួកខ្ញុំក៏នាំគាត់មកជាមួយដល់ផ្ទះនៅភូមិស្រម៉ ឃុំផាន់ញើមនៅវេលាម៉ោង១៣.៣០នាទី ដន្លងរបស់ខ្ញុំងូតទឹករួច មិនបានហូបបាយទេ គឺផឹកស្រា ជា មួយប្ដីនាងខ្ញុំទៀតរហូត ហូបបាយបានតែ២.៣ម៉ាត់ ប៉ុណ្ណោះក្រៅពីនោះគឺផឹករហូត លុះនៅយប់ថ្ងៃទី ២៥ ខែមីនា ២០១៩ វេលាម៉ោងប្រហែល១៧គាត់នៅ តែស្រវឹងស្រា ហើយដើរនិយាយពីនេះ ពីនោះរហូត ដល់ម៉ោងប្រហែល៣ទៀប ភ្លឺថ្ងៃទី២៦ ខែមីនា ២០១៩ ទើបគាត់ឈប់ និយាយ ហើយក៏ចូលសម្រាកទៅ លុះដល់ម៉ោងប្រហែល ៦ព្រឹកនាងខ្ញុំបានឃើញគាត់សម្រាកនៅតូបមុខផ្ទះ មិនហ៊ានចូលដាស់គាត់ទេ ហើយក៏ទៅទិញបបរមកទុកឲ្យគាត់ហូប ពេលត្រឡប់មកវិញម៉ោងប្រហែល ៦.៣០នាទីប្ដីនាង ខ្ញុំបាននិយាយថា៖ ទៅទិញបបរយូរម្លេះ មកជួយមើលដន្លងផង ពេលនោះនាងខ្ញុំបានចូលមកមើល ហើយជួយធ្វើចលនាដង្ហើម នាង ខ្ញុំបានលឺសម្លេងគាត់ ក្រតៗ ២ដងក៏បាត់មាត់ឈឹង ទើបនាងខ្ញុំ និងប្ដីដឹងថា៖ ដន្លង គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចទទួលព័ត៌មានភ្លាម កម្លាំងជំនាញនគរបាលស្រុក និងអាជ្ញាធរភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព សន្និដ្ឋានបានថា៖ សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារ គាំងបេះដូងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។

សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖